Monday, June 20, 2011

អៀង សារី ទាម​ទារ​ឲ្យ​សាលាក្តី​បក​ស្រាយ​ពី​មូល​ហេតុ​ដែល​មិន​កោះ​ហៅ ហ៊ុន សែន និង​ទ្រង់ រណប្ញទ្ធិ ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ឲ្យ​ខ្លួន

ច័ន្ទ 20 មិថុនា 2011 2:31 PM

ខណៈ​ពេល​ដែល​ថ្ងៃ​សវនាការ​ដំបូង​ចំពោះ​សំណុំ​រឿង​០០២​នឹង​មក​ដល់​នៅ​សប្តាហ៏​ក្រោយ​នេះ ក្រុម​មេធាវី​ដែល​តំណាង​ឲ្យ​លោក អៀង សារី អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ក្នុង​របប​ខ្មែរ​ក្រហម​បាន​ដាក់​ញត្តិ​មួយ​ទៅ​កាន់​សាលាក្តី​ខ្មែរ​ក្រហម ដោយ​ធ្វើ​ការ​ទាមទារ​ឲ្យ​សាលាក្តី​កូន​កាត់​មួយ​នេះ បក​ស្រាយ​អំពី​មូល​ហេតុ​ដែល​មិន​ធ្វើ​ការ​កោះ​ហៅ​លោក ហ៊ុន សែន និង​ទ្រង់ នរោត្តម រណប្ញទ្ធិ ដែល​ជា​អតីត​នាយក​រដ្ឋ​មន្រ្តី​ទី១ មក​ផ្តល់​សក្ខី​កម្ម​នៅ​សវនាការ​ខាង​មុខ​នេះ។

អៀង សារី អតីតរដ្ឋមន្រ្តីការបរទេសនៃរបបខ្មែរក្រហម

ក្រុម​មេធាវី​ដែល​តំណាង​ឲ្យ​លោក អៀង សារី បាន​លើក​ឡើង​នៅ​ក្នុង​ញត្តិ​នោះ​ថា ចៅ​ក្រម​ជំនុំ​ជម្រះ​គួរ​តែ​បញ្ជាក់​ពី​ពេល​វេលា​ដែល​សាក្សី​ទាំង​អស់​ត្រូវ​ផ្តល់​សក្ខី​កម្ម និង​ពន្យល់​ពី​មូល​ហេតុ​ដែល​សាក្សី​ទាំង​នោះ​មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​សវនាការ​សប្តាហ៍​ក្រោយ។

កាល​ពី​ខែ​មុន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ អៀង សារី បាន​ស្នើ​សុំ​ទៅ​កាន់​តុលាការ​ឲ្យ​ធ្វើ​ការ​កោះ​ហៅ​លោក ហ៊ុន សែន ទ្រង់ នរោត្តម រណប្ញទ្ធិ អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​លោក ជា ស៊ីម ឲ្យ​ឡើង​មក​ផ្តល់​សក្ខី​កម្ម​នៅ​ក្នុង​សវនាការ​នា​សប្តាយ៍​ក្រោយ​នេះ ដើម្បី​បញ្ជាក់​ពី​គោល​បំណង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្តល់​ការ​លើក​លែង​ទោស​នោះ។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ក្រុម​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​លោក អៀង សារី បាន​លើក​ឡើង​ថា កូន​ក្តី​របស់​ខ្លួន​មិន​អាច​ទទួល​ទោស​បាន​ឡើយ ដោយ​សារ​តែ​គាត់​ទទួល​បាន​ការ​លើក​លែង​ទោស​ក្នុង​ឆ្នាំ​១៩៩៦ ដែល​ត្រូវ​បាន​ផ្តល់​តាម​សំណើ​របស់​រដ្ឋាភិបាល​ដែល​គ្រា​នោះ​មាន ទ្រង់ នរោត្តម រណប្ញទ្ធិ ជា​នាយក​រដ្ឋ​មន្រ្តី​ទី១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី​ទី២ អំឡុង​ពេល​ការ​ចុះ​ចូល​របស់​កង​កម្លាំង​ខ្មែរ​ក្រហម​នោះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​ព្រះរាជ​អាជ្ញា​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​ជំទាស់​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក អៀង សារី នោះ ដោយ​ថា ការ​លើក​លែង​ទោស​នោះ​មិន​សំដៅ​ការពារ​លោក អៀង សារី ពី​ទោស​ព្រហ្មទណ្ឌ​តាម​ច្បាប់​អន្តរជាតិ​ទេ ហើយ​ថា ការ​លើក​លែង​ទោស​សម្រាប់​ឧក្រិដ្ឋ​កម្ម​នានា​ដូច​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ជា​ដើម​នោះ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ឡើយ​តាម​ច្បាប់​អន្តរជាតិ៕

No comments:

Post a Comment