Thursday, June 16, 2011

កិច្ចព្រមព្រៀង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ត្រូវបាន​ចុះហត្ថលេខា​

ដោយ : រតនា
ថ្ងៃទី 15 មិថុនា 2011
CEN

ភ្នំពេញ: ​អាជ្ញាធរ​ប្រេងកាតជាតិ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គោលស្តីពីការ​សិក្សាលទ្ធភាពសាងសង់​រោង​ចម្រាញ់​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូឌាន ភីត្រូ ខេមីខល ខូ​អិល​ធី​ឌី (Cambodian Petrochemical Co.Ltd) ដែលជា​ក្រុមហ៊ុន​​ចម្រុះ​កម្ពុជា​ចិន​។ ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​ មិថុនា​នេះ​នៅទីស្តីការ គណៈរដ្ឋមន្ត្រី​ដោយមានវត្តមានលោកឧបនាយ​ករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​រោងចក្រ​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី​ ៨០ ​ហ.​ត នៅក្នុង​ខេត្ត​កំពត​។ ក្រុមហ៊ុន​នេះ​មិន ទាន់​បាន​ទម្លាយ​ឲ្យដឹង​អំពី​ដើមទុន​ដែល​ត្រូវ​វិនិយោគ​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​អះអាងថា តម្លៃ​ឈ្នួល​សម្រាប់​អ្នកជំនាញ​ឌី​ហ្សា​ញ​រោងចក្រ​នេះ​ត្រូវ​ចំណាយ​៣​លាន​ ដុល្លារ​។ លោក​​សុខ អាន បានឲ្យដឹងថា រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​​ ឬ ​លើស​ពីនេះ​ក្នុង ​១​ឆ្នាំ​។ ប្រេង​ដែល​ផលិត​បាន​មាន​គុណភាព​ល្អ និង​តម្លៃថោក​ជាង​ប្រេង​​នាំចូល​។

​លោក​សុខ អាន​ឲ្យដឹង​ទៀតថា ក្រុមហ៊ុន ឈី​វ​រ៉​ន (Chevron) របស់​អាមេរិក​បានរ​ក​ឃើញ​​អណ្តូងប្រេង​តូច​ចំនួន​ ៣ ​នៅក្នុង​ឈូង​សមុទ្រ​ កម្ពុជា ​ដោយ​ចំណាយ​ថវិកា ១៥០ ​លាន​ដុល្លារ​​ហើយ​ក្រុមហ៊ុន​ចិន​គ្រោង​ចំណាយ​ ៦០០​លាន​ដុល្លារ​ទៀត​ដើម្បី​ធ្វើ​អាជីវកម្ម​ប្រេងកាត​ទាំង​​នោះ​។ ការផលិត​ប្រេង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១២​។ បើ​តាម​លោក​សុខ អាន កម្ពុជា​ប្រើ​​ប្រាស់​ប្រេង​មួយ​លាន​តោន​ក្នុង១​ឆ្នាំ​។ ដូច្នេះ ការផលិត​ប្រេង​បាន​៥​លាន​តោន នឹង​កាត់បន្ថយ​​ការ​នាំចូល កាត់បន្ថយ​ភាពក្រីក្រ និង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ជាច្រើន​៕

No comments:

Post a Comment