Thursday, June 30, 2011

​សវនាការ​បឋម​លើ​សំណុំរឿង​០០២ បិទ​បញ្ចប់​ហើយ

ដោយ : លី ទីដែន
ថ្ងៃទី 30 មិថុនា 2011
CEN

សាលាក្តីខ្មែរក្រហម, កំបូល: សវនាការ​បឋម​លើ​សំណុំរឿង​០០២ បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ នា​ព្រឹក​ថ្ងៃទី​៣០​មិថុនា ឆ្នាំ​២០១១ ក្រោយពី​បាន​ធ្វើឡើង​អស់​ពេល ៣ ថ្ងៃ និង ១ ព្រឹក​រួចមក​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​។​

​ ​លោក​ចៅក្រម និល ណុន បាន​លើកឡើង​ថា សវនាការ​បឋម​លើ​សំណុំរឿង​០០២ ត្រូវ​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មិថុនា​នេះ​។ នៅ​ពេល​រសៀល​នេះ មិន​មាន​សវនាការ​ទេ​។ ប៉ុន្តែ​ក្រោយពី​ម៉ោង​សម្រាក​នា​ម៉ោង ១០ និង​៥៥ នាទី​ព្រឹក​នេះ ពេល​ចូល​មក​វិញ សវនាការ​នឹង​ធ្វើ​ជា​អ​សាធារណៈ ដោយ​បិទទ្វារ ហើយ​មិន​ចំណាយ​ពេល​យូរ​ទេ​។ ដូច្នេះ​សាធារណៈជន អាច​វិល​ត្រឡប់​ទៅផ្ទះ​វិញ​បាន​។​

​ ​របៀបវារៈ នៃ​អង្គ​សវនាការ​បឋម​នា​ព្រឹក​នេះ បាន​និយាយ​ពី​ទឡ្ហីករណ៍​ផ្ទាល់មាត់​ពាក់ព័ន្ធ​នឹង​ការជំទាស់​នានា ទាក់ទិន​នឹង​បញ្ជី​ឈ្មោះ​សាក្សី អ្នកជំនាញ និង​ដើម​បណ្តឹងរដ្ឋប្បវេណី​។​

​ ​បញ្ជី​ឈ្មោះ​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកជំនាញ ត្រូវ​បាន​ស្នើឡើង​ដោយ​ភាគី​សហ​ព្រះរាជអាជ្ញា សហ​មេធាវី​ការពារ​ជនជាប់ចោទ និង​ភាគី​សហ​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​។ អង្គ​សវនាការ នឹង​ពិនិត្យ ថា​តើ​ក្នុងចំណោម​សាក្សី អ្នកជំនាញ និង​ដើម​បណ្តឹងរដ្ឋប្បវេណី ទាំង​១០៩២ នាក់ មាន​ប៉ុន្មាន​នាក់ ដែល​នឹង​ត្រូវ​ឡើង​ធ្វើ​សក្ខីកម្ម និង​ឡើង​ថ្លែងការណ៍ ក្នុង​សវនាកា​រលើ​អង្គសេចក្តី នាពេលខាងមុខ​។​

​ ​សវនាការ​បឋម​លើ​សំណុំរឿង​០០២ ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃ​ច័ន្ទ ទី​២៧​មិថុនា ឆ្នាំ​២០១១ ដោយ​លើកឡើង​ពី​របៀបវារៈ​មួយចំនួន រួមមាន​៖ ១-​សេចក្តីប្រកាស​បញ្ជី​ឈ្មោះ​សាក្សី​បណ្តោះអាសន្ន​, ទី​២-​អញ្ញត្រកម្ម​អំពី​គោលការណ៍​គ្មាន​ការកាត់ទោស​ពី​រដង​ចំពោះ​បទល្មើស​តែមួយ​, ទី​៣-​អញ្ញត្រកម្ម​អំពី​ការលើកលែងទោស​/​អនុគ្រោះ​ទោស ករណី​លោក​អៀង​សារី​, ទី​៤-​អញ្ញត្រកម្ម​អំពី​អាជ្ញា​យុ​កាល​ទាក់ទិន​នឹង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែ​វ​, ទី​៥-​អញ្ញត្រកម្ម​អំពី​អាជ្ញា​យុ​កាល​នៃ​បទល្មើស​ទាក់ទិន​ទៅ​នឹង​បទល្មើស​ដែល​មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៥៦, ទី​៧-​ការបញ្ជាក់​បឋម​ស្តីពី​ខ្លឹមសារ​នៃ​សំណង​រដ្ឋប្បវេណី និង​ទី​៨-​ទឡ្ហីករណ៍​ផ្ទាល់មាត់​ពាក់ព័ន្ធ​នឹង​ការ​ជំនាស់​នានា ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​សាក្សី ដែល​បាន​ស្នើឡើង​។​

​ ​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ​សវនាការ​នា​ព្រឹក​នេះ សហ​ព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យមាន​សវន​ការ​អ​សាធារណៈ ដោយ​បិទ​វាំងនន ដើម្បី​ជជែក​ពី​ការសុំ​ឲ្យ​ក​សាក្សី​មួយ​រូប ចេញ​ពី​បញ្ជី​ឈ្មោះ​សាក្សី ដែល​នឹង​ត្រូវ​ចូល​មក​ធ្វើ​សេចក្តីថ្លែងការណ៍ នៅ​មុខ​អង្គ​សវនាការ​នា​ពេលខាងមុខ​។ នោះ​ក៏​ដោយសារ​តែ​ក្នុងដំណាក់កាល​នេះ ឈ្មោះ​សាក្សី ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកជំនាញ មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ឡើយ ដោយ​ប្រើ​រហស្សនាម ដូចជា TCI 43 និង TCW 482 ជាដើម​។​

​ ​ជា​ការកត់សម្គាល់​មុននឹង​បិទ​បញ្ចប់​សវនាការ​នា​ព្រឹក​នេះ ក្រុម​មេធាវី​ការពារ​ក្តី​លោក អៀង សារី និង​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​ស្នើ​ឲ្យ​តុលាការ​លើក​យក​បញ្ហា​សេសសល់​មក​បន្ត​ពិភាក្សា និង​សួរ​បញ្ជាក់​ពី​សវនាការ​បឋម​ពេល​ក្រោយ​មួយ​ទៀត​។​

​ ​ក្រោយ​ពី​ចំណាយ​ពី​មាន​ការលើកឡើង​មួយ​ពីរ​ពី​ភាគី​សហ​មេធាវី​ការពារ​ក្តី ភាគី​សហ​មេធាវី​ការពារ​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ភាគី​សហ​ព្រះរាជអាជ្ញា​រួចមក លោក​ចៅក្រម និល ណុន បានប្រកាស​ឈប់សម្រាក ហើយ​ពេល​ចូល​មក​វិញ សវនាការ​នឹង​ធ្វើ​ជា​អ​សាធារណៈ​៕​

No comments:

Post a Comment