ដោយ : លី ទីដែន
ថ្ងៃទី 30 មិថុនា 2011
CEN
សាលាក្តីខ្មែរក្រហម, កំបូល: សវនាការបឋមលើសំណុំរឿង០០២ បានឈានដល់ទីបញ្ចប់ហើយ នាព្រឹកថ្ងៃទី៣០មិថុនា ឆ្នាំ២០១១ ក្រោយពីបានធ្វើឡើងអស់ពេល ៣ ថ្ងៃ និង ១ ព្រឹករួចមក។ នេះបើតាមសេចក្តីប្រកាសរបស់លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង។
លោកចៅក្រម និល ណុន បានលើកឡើងថា សវនាការបឋមលើសំណុំរឿង០០២ ត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី៣០មិថុនានេះ។ នៅពេលរសៀលនេះ មិនមានសវនាការទេ។ ប៉ុន្តែក្រោយពីម៉ោងសម្រាកនាម៉ោង ១០ និង៥៥ នាទីព្រឹកនេះ ពេលចូលមកវិញ សវនាការនឹងធ្វើជាអសាធារណៈ ដោយបិទទ្វារ ហើយមិនចំណាយពេលយូរទេ។ ដូច្នេះសាធារណៈជន អាចវិលត្រឡប់ទៅផ្ទះវិញបាន។
របៀបវារៈ នៃអង្គសវនាការបឋមនាព្រឹកនេះ បាននិយាយពីទឡ្ហីករណ៍ផ្ទាល់មាត់ពាក់ព័ន្ធនឹងការជំទាស់នានា ទាក់ទិននឹងបញ្ជីឈ្មោះសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី។
បញ្ជីឈ្មោះសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញ ត្រូវបានស្នើឡើងដោយភាគីសហព្រះរាជអាជ្ញា សហមេធាវីការពារជនជាប់ចោទ និងភាគីសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី។ អង្គសវនាការ នឹងពិនិត្យ ថាតើក្នុងចំណោមសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី ទាំង១០៩២ នាក់ មានប៉ុន្មាននាក់ ដែលនឹងត្រូវឡើងធ្វើសក្ខីកម្ម និងឡើងថ្លែងការណ៍ ក្នុងសវនាការលើអង្គសេចក្តី នាពេលខាងមុខ។
សវនាការបឋមលើសំណុំរឿង០០២ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃច័ន្ទ ទី២៧មិថុនា ឆ្នាំ២០១១ ដោយលើកឡើងពីរបៀបវារៈមួយចំនួន រួមមាន៖ ១-សេចក្តីប្រកាសបញ្ជីឈ្មោះសាក្សីបណ្តោះអាសន្ន, ទី២-អញ្ញត្រកម្មអំពីគោលការណ៍គ្មានការកាត់ទោសពីរដងចំពោះបទល្មើសតែមួយ, ទី៣-អញ្ញត្រកម្មអំពីការលើកលែងទោស/អនុគ្រោះទោស ករណីលោកអៀងសារី, ទី៤-អញ្ញត្រកម្មអំពីអាជ្ញាយុកាលទាក់ទិននឹងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ, ទី៥-អញ្ញត្រកម្មអំពីអាជ្ញាយុកាលនៃបទល្មើសទាក់ទិនទៅនឹងបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៥៦, ទី៧-ការបញ្ជាក់បឋមស្តីពីខ្លឹមសារនៃសំណងរដ្ឋប្បវេណី និងទី៨-ទឡ្ហីករណ៍ផ្ទាល់មាត់ពាក់ព័ន្ធនឹងការជំនាស់នានា ទាក់ទងនឹងបញ្ជីឈ្មោះសាក្សី ដែលបានស្នើឡើង។
នៅចុងបញ្ចប់នៃដំណើរការសវនាការនាព្រឹកនេះ សហព្រះរាជអាជ្ញាបានស្នើឲ្យមានសវនការអសាធារណៈ ដោយបិទវាំងនន ដើម្បីជជែកពីការសុំឲ្យកសាក្សីមួយរូប ចេញពីបញ្ជីឈ្មោះសាក្សី ដែលនឹងត្រូវចូលមកធ្វើសេចក្តីថ្លែងការណ៍ នៅមុខអង្គសវនាការនាពេលខាងមុខ។ នោះក៏ដោយសារតែក្នុងដំណាក់កាលនេះ ឈ្មោះសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកជំនាញ មិនត្រូវបានបង្ហាញអត្តសញ្ញាណឡើយ ដោយប្រើរហស្សនាម ដូចជា TCI 43 និង TCW 482 ជាដើម។
ជាការកត់សម្គាល់មុននឹងបិទបញ្ចប់សវនាការនាព្រឹកនេះ ក្រុមមេធាវីការពារក្តីលោក អៀង សារី និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើឲ្យតុលាការលើកយកបញ្ហាសេសសល់មកបន្តពិភាក្សា និងសួរបញ្ជាក់ពីសវនាការបឋមពេលក្រោយមួយទៀត។
ក្រោយពីចំណាយពីមានការលើកឡើងមួយពីរពីភាគីសហមេធាវីការពារក្តី ភាគីសហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណី និងភាគីសហព្រះរាជអាជ្ញារួចមក លោកចៅក្រម និល ណុន បានប្រកាសឈប់សម្រាក ហើយពេលចូលមកវិញ សវនាការនឹងធ្វើជាអសាធារណៈ៕
No comments:
Post a Comment