Thursday, May 9, 2013

ការក្រាញអំណាចជា «ជំងឺ» របស់សង្គមខ្មែរ

ចុះផ្សាយក្នុង RFI (http://www.khmer.rfi.fr) ________________________________________ ការក្រាញអំណាចជា «ជំងឺ» របស់សង្គមខ្មែរ Par ប៉ែន បូណា Created 2013-05-08 04:00 Wed, 2013-05-08 02:00 សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្តាហ៍នេះដែលថា លោកនឹងបន្តកាន់តំណែងរហូតដល់អាយុជាង៧០ឆ្នាំនោះ បានបង្កើតឲ្យមានការជជែកគ្នាយ៉ាងផុលផុសអំពីអាណត្តិរបស់មេដឹកនាំ កម្ពុជា។ មតិខ្លះបានរិះគន់លោកនាយករដ្ឋមន្ត្រីថានៅ «ក្រាញអំណាច» ទោះបីជាខ្លួនកាន់តំណែងយូរហើយក៏ដោយ។ ប៉ុន្តែ ប្រសិនបើគេពិចារណាឲ្យស៊ីជម្រៅ ការក្រាញអំណាចមិនមែនជារឿងដាច់ដោយឡែករបស់បុគ្គលណាទេ តែវាជា «ជំងឺសង្គម»ខ្មែរដែលត្រូវតែរួមគ្នាព្យាបាល។ តើជំងឺនេះមានឫសគល់មកពីណា? នៅកម្ពុជា ផ្លូវឡើងទៅកាន់អំណាចគឺជារឿងដ៏លំបាកមួយទៅហើយ ប៉ុន្តែ ការចាកចេញពីអំណាចវិញវារឹតតែលំបាកថែមទៀត។ លំបាកនៅត្រង់ថា «វប្បធម៌ក្រាញអំណាច»កំពុងចាក់ឫសនិងបានក្លាយជា«ជំងឺសង្គម»មួយដែល គួរតែនាំគ្នារកវិធីព្យាបាល។ ការចោទអ្នកនេះឬអ្នកនោះថាក្រាញអំណាច គ្រាន់តែជាការបាចទឹកដាក់គ្នាតែប៉ុណ្ណោះ ពីព្រោះនេះមិនមែនជាបញ្ហាដោយឡែករបស់បុគ្គលណាម្នាក់ឡើយ តែវាជាបញ្ហារួមរបស់សង្គមខ្មែរទាំងមូល។ នៅក្នុងរដ្ឋាភិបាល អ្នកដឹកនាំតែងតែការពារអំណាចរហូតដល់ដំណាក់កាលចុងក្រោយ។ នៅក្នុងបក្សក្រៅរដ្ឋាភិបាលឯណោះវិញ វប្បធម៌នៃការផ្តល់តម្លៃទៅលើបុគ្គលដែលជា«តួឯក»នយោបាយក៏កំពុងចាក់ ឫសយ៉ាងរឹងមាំណាស់ដែរ។ ជាក់ស្តែង នៅពេលគេនិយាយពីគណបក្សកាន់អំណាច គេសំដៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងគណបក្សសម រង្ស៊ី គេនិយាយតែពីលោកសម រង្ស៊ី ខណៈដែលគណបក្សសិទ្ធិមនុស្សគេនិយាយតែឈ្មោះលោកកឹម សុខា។ តួអង្គនយោបាយទាំងនោះត្រូវបានគេលើកតម្កើងថាជាមនុស្សយ៉ាងសំខាន់។ សំខាន់រហូតដល់ពេលខ្លះបញ្ហាប្រជាធិបតេយ្យ ឬក៏ស្ថិរភាពរបស់ប្រទេសទាំងមូល ត្រូវបានគេចងភ្ជាប់ជាមួយនឹងបុគ្គលតែម្នាក់។ នៅកម្ពុជា កុំថាឡើយដល់ទៅផ្លាស់ប្តូរមេដឹកនាំប្រទេស សូម្បីតែប្តូរមេបក្សនយោបាយមួយក៏ជាបញ្ហាដែរ។ នៅក្នុងពិភពសង្គមស៊ីវិលក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ។ បុគ្គលដែលជាមេដឹកនាំច្រើនតែកាន់អំណាចរយៈពេលយ៉ាងយូរ ដោយមិនព្រមប្រគល់ឲ្យទៅអ្នកដទៃឡើយ។ តើនេះមិនមែនជា«វប្បធម៌លើកស្ទួយបុគ្គល» ដែលជាឫសគល់នៃ«ជំងឺក្រាញអំណាច» នៅក្នុងសង្គមខ្មែរទេឬ? ដើម្បីស្វែងយល់ពីបញ្ហានេះ គេគួរពិនិត្យមើលមូលហេតុមួយចំនួនដូចតទៅ៖ មូលហេតុទី១ ៖ គឺបញ្ហាមុខមាត់។ ជាទូទៅ សង្គមខ្មែរច្រើនតែឲ្យតម្លៃខ្លាំងពេកទៅលើតំណែង។ ក្នុងន័យនេះ ការបាត់បង់មុខតំណែងត្រូវគេចាត់ទុកថា ជាការបាក់មុខមាត់យ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាអ្នកមានមុខតំណែងតែងក្រាញមិនចង់ចុះចេញដោយងាយៗ ឡើយ។ មូលហេតុទី២ ៖ ការក្រាញអំណាច គឺជាផលវិបាកនៃនយោបាយសងសឹកគ្នាតាមយុទ្ធសាស្ត្រ«អ្នកឈ្នះជាវីរជន រីឯអ្នកចាញ់ជាជនក្បត់ជាតិ»។ ទស្សនៈនេះហើយដែលជំរុញឲ្យមេដឹកនាំមិនងាយបោះបង់អំណាច។ ប្រសិនបើត្រូវបោះបង់ក៏ពួកគេរៀបជើងព្រួលទុកជាមុនឲ្យហើយដែរ។ មូលហេតុទី៣ ៖ ប្រព័ន្ធច្បាប់ដែលមិនបានកំណត់អាណត្តិរបស់មេដឹកនាំ ក៏ជាឱកាសដែលបើកផ្លូវឲ្យអ្នកដឹកនាំតោងអំណាចតាមដែលអាចធ្វើទៅបាន។ ដូច្នេះ ដើម្បីព្យាបាល«ជំងឺក្រាញអំណាច» សង្គមខ្មែរចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនជាចាំបាច់។ ជាបឋម គេគួរយល់ថា មុខតំណែងជាពិសេសតំណែងដឹកនាំកំពូលរបស់ប្រទេសមិនមែនជាកម្មសិទ្ធិ ផ្តាច់មុខរបស់អ្នកណាម្នាក់ឡើយ តែវាគ្រាន់តែជាទីលានបង្ហាញសមត្ថភាពរបស់អ្នកដឹកនាំឲ្យប្រជាពលរដ្ឋ បានឃើញក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ ពោលគឺវាមិនខុសពីសង្វៀនប្រកួតកីឡានោះឡើយ។ ការឡើង ឬចុះពីសង្វៀននេះ គឺជារឿងធម្មតាដែលគ្មានអ្វីគួរឲ្យខ្មាស់អៀនឡើយ។ ផ្ទុយទៅវិញ ការស្ថិតនៅក្នុងមុខតំណែងយូរពេក កំហុសក៏អាចកើតមានកាន់តែច្រើនដែរ។ ក្នុងបរិបទនេះ ការៀបចំឲ្យមានប្រព័ន្ធផ្លាស់ប្តូរមេដឹកនាំដោយធានាបាននូវ សុវត្ថិភាពរបស់អ្នកចេញពីអំណាចផង និងស្ថិរភាពសង្គមទាំងមូលផង គឺជាមូលដ្ឋានសំខាន់ជាងគេមួយ។ ប៉ុន្តែ មេដឹកនាំប្រទេសក៏មិនត្រូវប្រព្រឹត្តបំពានអំណាចណាមួយដែរនៅក្នុង អាណត្តិដឹកនាំរបស់ខ្លួនដើម្បីចៀសវាងការចោទប្រកាន់ពេលចេញពីមុខតំណែង។ តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងដំណើរការនៅពេលនេះ គួរតែជាមេរៀនសម្រាប់មេដឹកនាំខ្មែរ ហើយព្រឹតិ្តការណ៍បែបនេះក៏មិនគួរនឹងកើតឡើងជាថ្មីទៀតដែរ។ សរុបមកវិញ វត្ថុធាតុដើមសម្រាប់ផ្សំជាឱសថព្យាបាល«ជំងឺក្រាញអំណាច»នៅក្នុង សង្គមខ្មែរមានអស់ហើយ។ ដូច្នេះ ដល់ពេលហើយដែលត្រូវនាំគ្នាព្យាបាលជំងឺនេះឲ្យអស់ពីសង្គម៕________________________________________ អាសយដ្ឋាន URL: http://www.khmer.rfi.fr/Analyse-culture-maintien-au-pouvoir-Cambodge Links: [1] http://www.khmer.rfi.fr/chronique-bona-08-05-13

No comments:

Post a Comment