Thursday, May 9, 2013

តើតុលាការ ICJ និង ICC ខុសគ្នាយ៉ាងណា?

តើតុលាការ ICJ និង ICC ខុសគ្នាយ៉ាងណា? តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្ថិតនៅទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ហើយនៅទីក្រុងនេះ ក៏មានតុលាការអន្តរជាតិមួយទៀតតាំងនៅដែរ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ដោយ ជុន ច័ន្ទបុត្រ 2013-04-18 តើតុលាការយុត្តិធម៌អន្តរជាតិ និង តុលាការព្រហ្មទណ្ឌអន្តរជាតិ ខុសគ្នាយ៉ាងណា? លោក ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី ដែលពេលនេះកំពុងនៅក្រុងឡាអេ តាមដានរឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ ជម្រាបជូនលោកអ្នកនាងនូវការខុសប្លែកគ្នារវាងតុលាការទាំងពីរនេះ តាមការសាកសួររបស់លោក មុំ សុផុន៖ មុំ សុផុន៖ បាទ! ជម្រាបសួរលោក ជុន ច័ន្ទបុត្រ! ជុន ច័ន្ទបុត្រ៖ បាទ! ជម្រាបសួរ សុផុន! មុំ សុផុន៖ លោក ជុន ច័ន្ទបុត្រ តើតុលាការទាំងពីរនេះ គឺតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ខុសគ្នាយ៉ាងណាដែរ? ជុន ច័ន្ទបុត្រ៖ បាទ! តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ មានតួនាទីខុសគ្នាស្រឡះតែម្ដង។ តុលាការយុត្តិធម៌អន្តរជាតិជាផ្នែកមួយនៃអង្គការសហប្រជាជាតិ ព្រោះតុលាការនេះបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។ ប្រទេសទាំងឡាយណាដែលជាសមាជិករបស់អង្គការសហប្រជាជាតិ គឺស្ថិតនៅក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។ រីឯតុលាការព្រហ្មទណ្ឌអន្តរជាតិវិញ គឺជាតុលាការឯករាជ្យ មិននៅក្រោមអង្គការសហប្រជាជាតិទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិបង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបាន ព្រមព្រៀងគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ថវិកាមួយភាគធំសម្រាប់ដំណើរការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានមកពីប្រទេសជាសមាជិក និងមួយចំនួនទៀតបានមកពីវិភាគទានរបស់អង្គការសហប្រជាជាតិ ពីអង្គការអន្តរជាតិ និងក្រុមហ៊ុនមួយចំនួនទៀតដែរ។ មុំ សុផុន៖ ចុះតួនាទីវិញ តើតុលាការទាំងពីរនេះមានតួនាទីខុសគ្នាយ៉ាងណាដែរ? ជុន ច័ន្ទបុត្រ៖ តួនាទីនៃតុលាការទាំងពីរក៏មានដោយឡែករៀងៗខ្លួនដែរ។ តុលាការយុត្តិធម៌អន្តរជាតិ មានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជាតិមួយជាមួយនឹងប្រទេសជាតិ មួយទៀត។ ឧទាហរណ៍ ដូចជារឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា និងប្រទេសថៃ បច្ចុប្បន្ននេះអ៊ីចឹង។ តុលាការនេះក៏មានភារៈដោះស្រាយការរំលោភបំពាន និងការបកស្រាយសន្ធិសញ្ញានានាដែរ។ រីឯតុលាការព្រហ្មទណ្ឌអន្តរជាតិវិញ មិនមានយុត្តាធិការ ឬដែនអំណាចទៅលើទំនាស់រវាងប្រទេសនិងប្រទេសទេ តែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ មុំ សុផុន៖ អ៊ីចឹងតុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានទៅលើ អធិបតេយ្យភាពរបស់ប្រទេសដទៃ ឬក៏មានភារៈជាន់គ្នាជាមួយប្រទេសផ្សេងៗ ដែលគេមានរដ្ឋាភិបាលត្រឹមត្រូវ មានប្រព័ន្ធយុត្តិធម៌របស់គេរៀងៗខ្លួនទៅហើយទេលោក? ជុន ច័ន្ទបុត្រ៖ តាមពិតតុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានអធិបតេយ្យភាព ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសដទៃទេ ត្រង់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់ វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណា ដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាល ណានោះ ដើម្បីជួយកាពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋ ដែលជននោះបានប្រព្រឹត្តទៅវិញ។ មុំ សុផុន៖ និយាយអ៊ីចឹងខ្ញុំមានសំណួរមួយ។ នៅកម្ពុជាយើងតែងឮប្រជាពលរដ្ឋចោទប្រកាន់ថា តុលាការមិនយុត្តិធម៌ ជួយតែឧក្រិដ្ឋជនអីជាដើម ហើយពួកគាត់តែងតែអំពាវនាវអោយអន្តរជាតិជួយរកយុត្តិធម៌អោយផង ចុះហេតុអីក៏មកដល់ពេលនេះមិនដែលឃើញមានតុលាការព្រហ្មទណ្ឌ អន្តរជាតិហ្នឹងមកជួយរកយុត្តិធម៌ផង? ជុន ច័ន្ទបុត្រ៖ ការស្រែកអោយគេជួយតាមរយៈការផ្សព្វផ្សាយព័ត៌មានលើវិទ្យុ ឬកាសែត ជួនកាលអាចមិនឮដល់តុលាការ ដើម្បីអោយមានការចាត់ការតាមផ្លូវច្បាប់បានទេ។ តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើករណីណាមួយបាន លុះណាតែមានការជូនដំណឹងទៅតុលាការនេះផ្ទាល់ ដោយផ្ដល់នូវព័ត៌មានដែលគួរអោយទុកចិត្តបាន។ មានន័យថា ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវអំពីឧក្រិដ្ឋកម្មណាមួយនោះ៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ http://www.rfa.org/khmer/news/law/icj-vs-icc-04182013040339.html

No comments:

Post a Comment