Thursday, May 9, 2013

"២០ឆ្នាំនៃអំពើនិទ្ទណ្ឌភាពក្រោមការដឹកនាំរបស់លោក ហ៊ុន សែន"

"២០ឆ្នាំនៃអំពើនិទ្ទណ្ឌភាពក្រោមការដឹកនាំរបស់លោក ហ៊ុន សែន" ដោយ យន់ សាមៀន 2012-11-13 អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយមាន ៦៨ទំព័រ មានចំណងជើងថា "ប្រាប់ពួកគេទៅថា ខ្ញុំចង់សម្លាប់ពួកគេ"។ របាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិ ជារបាយការណ៍ស៊ើបអង្កេតនៃការសម្លាប់រង្គាលក្រៅប្រព័ន្ធច្បាប់ ប្រព្រឹត្តដោយអ្នកស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងកម្ពុជា ដោយនិទ្ទណ្ឌភាពអស់រយៈពេលយូរជាង ២០ឆ្នាំ។ របាយការណ៍នេះផ្សាយមុនពេលដំណើរទស្សនកិច្ចប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama) មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅចុងខែវិច្ឆិកា នេះ។ នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ ទទួលបន្ទុកនៅទ្វីបអាស៊ី លោក ប្រែត អាដាម (Brad Adams) និងជាសហនិពន្ធនាយកនៃរបាយការណ៍រៀបរាប់អំពីនិទ្ទណ្ឌភាពរយៈពេលពីរ ទសវត្សរ៍ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា របាយការណ៍នេះជាការពិនិត្យសើរើឡើងវិញនូវករណីរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរមួយចំនួន ដែលកើតឡើងក្នុងរយៈពេល ២០ឆ្នាំ និងដើម្បីស្វែងរកការពិត ថាតើក្នុងរយៈពេលកន្លងមកនេះ តើរដ្ឋាភិបាលបានចាត់វិធានការអ្វីខ្លះ ចំពោះបុគ្គលរំលោភសិទ្ធិមនុស្សទាំងនោះឬទេ។ លោក ប្រែត អាដាម បន្តថា លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ជនសង្ស័យជាអ្នកទទួលខុសត្រូវនៃការរំលោភសិទ្ធិមនុស្ស និងសម្លាប់រង្គាល មិនត្រឹមតែរដ្ឋាភិបាលមិនបាននាំមកកាត់ទោស ប៉ុន្តែបែរជាដំឡើងបុណ្យស័ក្តិ និងតួនាទី ក្នុងវិស័យយោធាទៅវិញ៖ «យើង បោះពុម្ពរបាយការណ៍អំពីនិទ្ទណ្ឌភាព កើតឡើងក្នុងរយៈពេល ២០ឆ្នាំ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ខ្ញុំគិតថា វាមានសារសំខាន់ណាស់ដែលយើងពិនិត្យឡើងវិញចំពោះករណីរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរជាច្រើនករណីនៅកម្ពុជា។ យើងក៏ចង់ដឹងដែរថា តើរដ្ឋាភិបាលបានចាត់វិធានការអ្វីខ្លះ?»។ របាយការណ៍គ្របដណ្ដប់រយៈពេលពីរទសវត្សរ៍នៃអំពើនិទ្ទណ្ឌភាពក្រោម កណ្ដាប់ដៃលោក ហ៊ុន សែន គឺជាការចងក្រងឯកសារនៃការសម្លាប់សកម្មជននយោបាយ អ្នកសារព័ត៌មាន អ្នកនយោបាយ គណបក្សប្រឆាំង និងបុគ្គលដទៃទៀត ដោយកម្លាំងសន្តិសុខរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៩១។ យ៉ាងហោចណាស់ក៏មានសកម្មជននយោបាយប្រមាណ ៣០០នាក់ ត្រូវបានសម្លាប់ដោយពាក់ព័ន្ធនឹងនយោបាយ ក៏ប៉ុន្តែនៅមិនទាន់មានករណីមួយណាត្រូវបានស៊ើបអង្កេតឲ្យ ត្រឹមត្រូវ ហើយជនសង្ស័យនៅមិនទាន់ត្រូវបាននាំខ្លួនប្រឈមមុខនឹងយុត្តិធម៌នៅ ឡើយទេ។ នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ បន្តថា អ្នកប្រព្រឹត្តបទល្មើសទាំងនោះសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល យោធា ប៉ូលិស និងចារកម្ម។ មន្ត្រីទាំងនោះនៅតែមានតួនាទី និងតំណែងក្នុងជួររដ្ឋាភិបាល និងយោធា។ លោក ប្រែត អាដាម បន្តថា រដ្ឋាភិបាលមិនត្រឹមតែមិនកាត់ទោសជនទាំងនោះ ប៉ុន្តែបែរជាដំឡើងតំណែង និងផ្តល់រង្វាន់ឲ្យពួកគេទៅវិញ។ និទ្ទណ្ឌភាពទាំងនោះបង្ហាញឲ្យពលរដ្ឋសាមញ្ញឃើញថា ឃាតករកំពុងឋិតនៅពីលើច្បាប់ ហើយកំពុងតែត្រូវបានការពារដោយមេដឹកនាំប្រទេស និងមន្ត្រីជាន់ខ្ពស់យោធា៖ «គោលបំណងសំខាន់របស់យើង គឺដើម្បីរំលឹកមនុស្សទូទៅថា មានមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួរកងទ័ព អាវុធហត្ថ ប៉ូលិស និងរដ្ឋាភិបាល បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជនទាំងនោះមិនត្រូវបាននាំខ្លួនមកកាត់ទោសឡើយ។ ជនទាំងនោះអាចរួចខ្លួនពីអំពើឃាតកម្ម និងការរំលោភបំពានផ្សេងៗ។ ជនទាំងនោះមិនត្រឹមតែមិនត្រូវបាននាំខ្លួនទៅកាត់ទោស ប៉ុន្តែបែរជាត្រូវដំឡើងបុណ្យស័ក្តិទៅវិញ»។ ចំណងជើងរបស់របាយការណ៍អង្គការសិទ្ធិមនុស្ស "ប្រាប់ពួកគេទៅថា ខ្ញុំចង់សម្លាប់ពួកគេ" គឺជាសម្ដីដោយផ្ទាល់របស់ ហ៊ីង ប៊ុនហៀង មេបញ្ជាការរងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកមានពាក់ព័ន្ធនឹងការគប់គ្រាប់បែកឆ្នាំ១៩៩៧។ លទ្ធផលនៃការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ និងការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) កងអង្គរក្សលោក ហ៊ុន សែន ដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករគាំទ្រ គណបក្សប្រឆាំង។ របាយការណ៍បន្តថា ឃាតករនៃការសម្លាប់រង្គាល មិនត្រឹមតែស្គាល់មុខនោះទេ ប៉ុន្តែត្រូវបានដំឡើងតំណែងបន្ថែមទៀត។ អង្គការសិទ្ធិមនុស្ស បានបញ្ចូលក្នុងឯកសារនៃការសម្លាប់ក្រៅប្រព័ន្ធច្បាប់ រួមមានករណីសម្លាប់សកម្មជនគណបក្សប្រឆាំងក្នុងអំឡុងពេលនៃការរៀបចំ ការបោះឆ្នោតដោយអង្គការសហប្រជាជាតិ។ ឃាតកម្មលើលោក ធន ប៊ុនលី ជានិពន្ធនាយកសារព័ត៌មានប្រឆាំងការសម្លាប់មន្ត្រីគណបក្ស ហ៊្វុនស៊ិនប៉ិច ប្រមាណ ១០០នាក់ រួមទាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ ការជះទឹកអាស៊ីតលើតារា កញ្ញា តាត ម៉ារីណា ឃាតកម្មលើរូបប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា លោក ឃឹម សំបូរ អ្នកសារព័ត៌មានប្រឆាំង និងលោក ឈុត វុទ្ធី និងមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហ៊ីង ប៊ុនហៀង បានទេ នៅថ្ងៃអង្គារ ទី១៣ វិច្ឆិកា។ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបដិសេធមិនទទួលយករបាយការណ៍នោះ។ លោកចាត់ទុកថា របាយការណ៍អង្គការសិទ្ធិមនុស្ស គ្រាន់តែជារបាយការណ៍មួយដើម្បីបំផ្លាញរដ្ឋាភិបាលកម្ពុជា៖ «យើងធ្វើការដោះស្រាយជាបន្តបន្ទាប់ របាយការណ៍ជាយុទ្ធនាការបំផ្លាញ»។ លោក ផៃ ស៊ីផាន ក៏បានបដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្ស ដែលបានលើកឡើងថា កងអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ និងបោកគ្រាប់បែក៖ «វាជាសេរីភាពរបស់គេ របាយការណ៍ជាក់ស្ដែង យើងមិនឃើញដូចនេះ»។ លោក ប្រែត អាដាម បន្ថែមថា តារាងនៃការសម្លាប់ក្រៅប្រព័ន្ធ ធ្វើឲ្យមានការព្រឺខ្នង ដោយសារតែអាជ្ញាធរគ្មានចាត់វិធានការដើម្បីនាំជនសង្ស័យទៅកាត់ទោស ហើយរដ្ឋាភិបាលបែរជាការពារពួកទាំងនោះវិញ។ លោកបន្ថែមទៀតថា រដ្ឋាភិបាលអាចព្យាយាមបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា ដោយការបង្កើតសេវាកម្មប៉ូលិសប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ។ ចំណែកប្រព័ន្ធយុត្តិធម៌ ក៏ត្រូវបង្កើតឲ្យមានលក្ខណៈឯករាជ្យ។ ចៅក្រមត្រូវតែងតាំងដោយស្ថាប័នឯករាជ្យ។ ស្ថាប័នឯករាជ្យត្រូវមានតួនាទីស៊ើបអង្កេត និងដាក់ពិន័យចៅក្រម ឬព្រះរាជអាជ្ញាណាដែលប្រព្រឹត្តល្មើសទៅនឹងក្រមសីលធម៌។ មន្ត្រីជាន់ខ្ពស់ ប៉ូលិស និងចៅក្រម ត្រូវហាមឃាត់ចូលរួម ឬកាន់តួនាទីសំខាន់ក្នុងគណបក្សនយោបាយ។ បច្ចុប្បន្ន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន ត្រូវជាសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណែកឯប្រធានតុលាការកំពូល ឌិត មុន្ទី ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ លោក ប្រែត អាដាម បន្តថា លោក ហ៊ុន សែន បានកាន់កាប់តំណែងអស់រយៈពេល ២៧ឆ្នាំ ហើយថ្មីៗនេះ លោក ហ៊ុន សែន អះអាងថា លោកនឹងបន្តកាន់តំណែងរយៈពេល ៣០ឆ្នាំទៅមុខទៀត ដូច្នេះ ជនរងគ្រោះពិបាកទ្រាំរង់ចាំយុត្តិធម៌ណាស់។ លោក ប្រែត អាដាម បានស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅកម្ពុជា នៅពាក់កណ្ដាលខែវិច្ឆិកា ត្រូវទាមទារលោក ហ៊ុន សែន ជាសាធារណៈ ឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ពិតប្រាកដ ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចទទួលបានសិទ្ធិ និងសេរីភាព៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ http://www.rfa.org/khmer/indepth/hrw_report_cam_impunity_under_hunsen-11132012071608.html

No comments:

Post a Comment