Thursday, May 9, 2013

បទវិភាគ៖ តើធ្វើយ៉ាងណាទើបអាចបំបាត់វប្បធម៌ប្រើឥទ្ធិពលអ្នកធំ?

បទវិភាគ៖ តើធ្វើយ៉ាងណាទើបអាចបំបាត់វប្បធម៌ប្រើឥទ្ធិពលអ្នកធំ? ក្នុងសង្គមខ្មែរបច្ចុប្បន្ន ឥទ្ធិពលនិងអំណាចរបស់អ្នកធំ ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាង កាក់កប ដោយសារតែអាជ្ញាធរមូលដ្ឋាន ឬនិយាយឲ្យងាយស្ដាប់ គឺមន្ត្រីថ្នាក់ក្រោម ខ្លាចអំណាចអ្នកធំ ឬមន្ត្រីថ្នាក់លើ។ ដោយ មណ្ឌល កែវ 2013-05-06 មន្ត្រីថ្នាក់ក្រោមមិនហ៊ានចាត់វិធានការប្រឆាំងនឹងអំពើល្មើស ក្រោមស្លាកឈ្មោះរបស់អ្នកធំ អ្នកមានអំណាចនោះឡើយ។ ទង្វើនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្រីក្រ។កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសជាសាធារណៈចំពោះមន្ត្រីដែលបានយកឈ្មោះលោក និងភរិយារបស់លោក ទៅប្រើប្រាស់ដើម្បីទទួលបានកម្មសិទ្ធិដីធ្លី។ តើហេតុអ្វីបានជាមានវប្បធម៌បែបនេះកើតឡើងក្នុងសង្គមខ្មែរ? តើគេអាចបំបាត់វប្បធម៌នេះបានដែរឬទេ? មិនមែនជាការប្លែកត្រចៀកទេដែលថានៅកម្ពុជា ឥទ្ធិពល និងអំណាចរបស់អ្នកធំបានផ្ដល់ប្រយោជន៍ជាច្រើនដល់ជនឱកាសនិយមមួយ ចំនួន។ ជាទូទៅជនទាំងនោះគឺជាអ្នកធ្វើការនៅក្បែរអ្នកធំ ឬមានទំនាក់ទំនងជាមួយអ្នកមានអំណាចដោយផ្ទាល់ ឬគ្រួសារអ្នកមានអំណាច។ នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជារឿងអាថ៌កំបាំងនោះដែរ។ មានបញ្ហាជាច្រើនបានកើតឡើង ជាពិសេសគឺរឿងដែលមានផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលដែលសុទ្ធតែ មានការលូកដៃដោយផ្ទាល់ពីអ្នកមានអំណាច ឬពីអ្នកដែលនិយមប្រើប្រាស់ឥទ្ធិពលរបស់អ្នកមានអំណាច។ ជាទូទៅបញ្ហាទាំងនេះពិបាកដោះស្រាយដែរ ដោយសារតែអាជ្ញាធរ ឬមន្ត្រីអនុវត្តច្បាប់ខ្លាចឥទ្ធិពលអ្នកធំ និងដោយការលុះក្នុងអគតិមួយក្នុងចំណោមអគតិ ៤យ៉ាងនោះគឺ «ភយាគតិ»។ ជំនួសឲ្យវិធានការប្រឆាំងជនល្មើស មន្ត្រីអាជ្ញាធរ ឬមន្ត្រីអ្នកអនុវត្តច្បាប់មួយចំនួន បែរជានាំគ្នា «ឃើញកន្ទេលធំបន្លំដេក ឯក្បាលទំពែកបន្លំកោរ» តែម្តង។ នេះមានន័យថា ពួកគាត់លម្អៀង និងឃុបឃិតជាមួយអ្នកមានអំណាចបុណ្យស័ក្ដិ ឬអ្នកធំ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៅវិញ។ ទម្លាប់នេះបានបង្កើតជាប្រព័ន្ធឃុបឃិតគ្នាដ៏ស្មុគស្មាញមួយ ដែលជាប្រភពបង្កឡើងនូវភាពអយុត្តិធម៌ក្នុងសង្គម។ ប៉ុន្តែស្ថានការណ៍នេះហាក់បានធូរស្រាលបន្តិចវិញ បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យចាត់វិធានការដោយមិន លើកលែងចំពោះអ្នកមានអំណាច ឬអ្នកប្រើប្រាស់ឥទ្ធិពលអ្នកធំ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួននោះ។ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋកាលពីចុងឆ្នាំ២០១២ នៅឯខេត្តកំពង់ធំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា មានមន្ត្រីមួយចំនួនបានយកឈ្មោះរបស់លោក និងភរិយា លោកទៅប្រើប្រាស់ដើម្បីទទួលបានកម្មសិទ្ធិដីធ្លីខុសច្បាប់មួយ ចំនួន។ ប្រមុខរដ្ឋាភិបាលក៏បានចេញបញ្ជាឲ្យដកហូតយកដីទាំងឡាយណាដែល មានឈ្មោះរបស់លោក ឬភរិយារបស់លោកទៅចែកជូនប្រជាពលរដ្ឋវិញទាំងអស់។ នេះគឺជាការចេញបទបញ្ជាជាថ្មីម្ដងទៀតរបស់ប្រមុខរដ្ឋាភិបាល ប្រឆាំង និងមន្ត្រីដែលចូលចិត្តយកឈ្មោះអ្នកមានអំណាចទៅប្រើប្រាស់ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ជាលទ្ធផលជាក់ស្ដែងមានមន្ត្រីតុលាការ មន្ត្រីប៉ូលិស និងមន្ត្រីស៊ីវិលតូចធំមួយចំនួន ត្រូវបានចាប់ និងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ យ៉ាងនេះក្ដី ទម្លាប់ប្រើអំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាច នៅតែមិនទាន់លុបបំបាត់បាននៅឡើយក្នុងសង្គមខ្មែរនៅពេល បច្ចុប្បន្ន។ អ្នកធំខ្លះ ឬជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តប្រើប្រាស់ឥទ្ធិពលអំណាចដើម្បីរកផលប្រយោជន៍ដដែល ដោយគ្រាន់តែប្ដូរពីរូបភាពចំហមកជារូបភាពលាក់លៀម និងគត់មត់ជាងមុនប៉ុណ្ណោះ។ តើហេតុអ្វីបានជាឥទ្ធិពលអ្នកធំត្រូវបានគេប្រើប្រាស់រកប្រយោជន៍ផ្ទាល់ខ្លួនបានយ៉ាងដូច្នេះ? ក្រុមអ្នកវិភាគបញ្ហាសង្គមបានមើលឃើញថា ផ្នត់គំនិត «ពងមាន់កុំចង់ជល់នឹងថ្ម» ដែលបានដិតជាប់ក្នុងអារម្មណ៍នៃមនុស្សខ្មែរជាច្រើនជំនាន់មកហើយ នោះ កំពុងបន្តស្ថិតស្ថេរមិនទាន់ជម្រះបាន ទំនងជាផ្នែកមួយដែលធ្វើឲ្យកើតមាននូវទម្លាប់ និងបង្កើតជារបាំងដ៏មានប្រសិទ្ធភាពក្នុងការការពារក្រុមអ្នកប្រើ អំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាច ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត បញ្ហានេះក៏ទំនងជាកើតឡើងដោយសារតែសង្គមខ្មែរច្រើនតែផ្ដល់តម្លៃ ហួសហេតុដល់អំណាច បុណ្យស័ក្ដិរបស់អ្នកធំ ទោះជាអំណាចនោះត្រូវបានគេយកទៅប្រើក្នុងផ្លូវខុសក៏ដោយ។ ផ្នត់គំនិតបែបនេះហើយដែលជាអំណោយផលដល់ជនឱកាសនិយមប្រើប្រាស់ ឥទ្ធិពលអ្នកធំរកប្រយោជន៍បានយ៉ាងមានប្រសិទ្ធភាព។ ឯជនរងគ្រោះក្នុងរឿងទាំងនោះ គឺជាអ្នកក្រីក្រគ្មានខ្នងបង្អែក។ បញ្ហានេះក៏អាចបង្កផលប៉ះពាល់យ៉ាងធំធេងដែរដល់ប្រជាប្រិយភាពនៃ គណបក្សកាន់អំណាច។ ក្រុមអ្នកវិភាគបញ្ហាសង្គមរកឃើញថា ដើម្បីបំបាត់វប្បធម៌ផ្ដល់តម្លៃហួសហេតុដល់អំណាចបុណ្យស័ក្ដិរបស់ អ្នកធំ គឺមានវិធានការពីរយ៉ាងជាកត្តាចាំបាច់ដែលត្រូវអនុវត្តទន្ទឹមគ្នា។ ទី១ គឺវិធានការផ្លូវច្បាប់។ វិធានការនេះប្រមុខរដ្ឋាភិបាលកំពុងប្រើប្រាស់ដើម្បីប្រឆាំងនឹង មន្ត្រីខិលខូចទាំងនោះហើយ។ ឯវិធានការមួយទៀតនោះ គឺការលាងជម្រះផ្នត់គំនិតចាស់គំរឹល ២យ៉ាង ដែលធ្លាប់មានក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ គឺផ្នត់គំនិត «អ្នកតូចត្រូវតែខ្លាចអំណាចអ្នកធំ» និងផ្នត់គំនិត «ពងមាន់កុំចង់ជល់នឹងថ្ម»។ ជាមួយគ្នានេះ ត្រូវនាំគ្នាបណ្ដុះផ្នត់គំនិតថ្មី ២យ៉ាងគឺ «អ្នកធំគឺជាអ្នកធ្វើការបម្រើប្រជាពលរដ្ឋ» និងផ្នត់គំនិតថ្មីមួយទៀត គឺ «ពងមាន់បើបំណាច់នឹងបែកក៏វាប្រឡាក់ថ្មខ្លះដែរ»។ ដោយប្រជាពលរដ្ឋត្រូវតែហ៊ានបកអាក្រាត និងបង្ខំឲ្យពួកគេទទួលទោសចំពោះមុខច្បាប់ ប្រសិនបើពួកគេប្រព្រឹត្តខុស។ ជាការពិតហើយដែលក្នុងសង្គមមនុស្សត្រូវតែមានឋានានុក្រម។ ការគោរពឋានានុក្រមរបស់មនុស្សក្នុងសង្គម ការស្គាល់ខ្ពស់ស្គាល់ទាប គឺជាសីលធម៌ និងសុជីវធម៌ដែលមិនអាចខ្វះបានក្នុងសង្គមមនុស្ស ជាពិសេសគឺសង្គមខ្មែរក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែការផ្តល់តម្លៃហួសហេតុទៅលើអំណាចបុគ្គល គឺជាគ្រោះថ្នាក់សម្រាប់សង្គមវិញទេ។ តើការចាប់យកផ្នត់គំនិតថ្មី គឺវប្បធម៌មិនផ្ដល់តម្លៃហួសហេតុទៅលើអំណាចបុគ្គល អាចនាំទៅដល់ការបំបាត់វប្បធម៌ប្រើអំណាច ឬប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពី សង្គមខ្មែរដែរ ឬយ៉ាងណា? នេះជាសំណួរដែលទំនងជាប្រជាពលរដ្ឋខ្មែរគ្រប់រូបអាចផ្ដល់ចម្លើយ៕ http://www.rfa.org/khmer/news/analysis/influence-of-powerful-person-05062013231509.html

No comments:

Post a Comment