2011-02-01
វិទ្យុអាស៊ីសេរី
នៅល្ងាចថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១១នេះ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិថៃ ២រូប ក្នុងចំណោម ៧រូប ដែលឆ្លងដែនចូលដីខ្មែរខុសច្បាប់កាលពីចុងឆ្នាំ២០១០។
(ឯកសណ្ឋានអ្នកទោស) ក្នុងពេលនាំយកមកកាត់ទោសនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១។ (RFA/Mom Sophon)”]
ការកាត់ទោសនេះ គឺតុលាការបានផ្អែកលើមាត្រាទី២៩ នៃច្បាប់អន្តោប្រវេសន៍ ក្រោមបទចូលក្នុងទឹកដីប្រទេសកម្ពុជា ខុសច្បាប់ និងផ្អែកតាមមាត្រាទី២៧ មាត្រាទី៤៧៣ មាត្រាទី៤៣៩ និងមាត្រាទី៤៤៦ នៃក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ក្រោមបទចូលក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។
សាលក្រមនេះត្រូវបានអានប្រកាសដោយចៅក្រមជម្រះក្ដី លោក សួស សំអាត នៅថ្ងៃទី១ ខែកុម្ភៈ ក្រោយពីបានបើកសវនាការជម្រះក្ដីរយៈពេលជាង ១០ម៉ោង ចំពោះមុខជនជាប់ចោទចំនួន ២នាក់នោះ ៖ «ពីបទលបលួចចូល ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត។ ចូលដោយទុច្ចរិតក្នុងទីលានយោធា និងប៉ុនប៉ងប្រមូលផ្ដុំព័ត៌មានដែលអាចធ្វើឲ្យអន្តរាយដល់ការពារ ជាតិ»។
តុលាការក្រុងភ្នំពេញ បានបើកផ្លូវឲ្យប្ដឹងទាស់ចំពោះសាលក្រមនេះទៅតុលាការសាលាឧទ្ធរណ៍ក្នុងរយៈពេល ៣០ថ្ងៃ។
មេធាវីការពារក្ដីឲ្យអ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន គឺលោក រស់ អូន បានមានប្រសាសន៍យ៉ាងខ្លីថា ៖ «ផ្លូវច្បាប់គេឲ្យប្ដឹងឧទ្ធរណ៍ គឺប្ដឹងឧទ្ធរណ៍ទៀត»។
តុលាការក្រុងភ្នំពេញ បានបង្គាប់ឲ្យអាជ្ញាធរកម្ពុជា នាំខ្លួនអ្នកស្រី រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន ទៅឃុំខ្លួននៅក្នុងគុកព្រៃសវិញ ក្រោយពីតុលាការសាលាឧទ្ធរណ៍បានសម្រេចកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
នៅក្នុងសវនាការរយៈពេលជាង ១០ម៉ោងនោះ តុលាការក្រុងភ្នំពេញ បានសាកសួរសាក្សីចំនួន ៧នាក់ គឺ ៥នាក់ជាមន្ត្រីយោធាកម្ពុជា មន្ត្រីសន្តិសុខនៃក្រសួងមហាផ្ទៃ មន្ត្រីជំនាញការផែនទី មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីក្រសួងការពារជាតិកម្ពុជា។ តុលាការបានសាកសួរសាក្សីថៃចំនួន ២នាក់ទៀត។
តុលាការបានបង្ហាញឯកសារ និងវត្ថុតាងមានដូចជាវីដេអូ ម៉ាស៊ីនថតរូបភាពសម្ងាត់ បញ្ចាំងរូបភាពវីដេអូ និងភូមិសាស្ត្រផែនទីបារាំង-សៀម ឆ្នាំ១៩០៧។
ជនជាតិថៃចំនួន ៧នាក់ បានចូលមកក្នុងទឹកដីប្រទេសកម្ពុជា ត្រូវបានយោធាកម្ពុជា បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនជាប់ចោទចំនួន ២នាក់ចុងក្រោយ បានបដិសេធនៅក្នុងសវនាការថា ទឹកដីនោះជារបស់ថៃ ហើយគេបានចូលមកតាមសំណើរបស់ប្រជាជនថៃ ដើម្បីមកពិនិត្យបង្គោលព្រំដែនលេខ៤៦ ដោយបានបង្ហាញឯកសារផែនទីចម្លងចេញពីគេហទំព័រឈ្មោះ Google ដើម្បីជាការអះអាង។
ចៅក្រម និងព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ បានបដិសេធថា ផែនទីនោះមិនបានទទួលស្គាល់ក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ទេ៕
No comments:
Post a Comment