2011-02-11
វិទ្យុអាស៊ីសេរី
មន្ត្រីជំនាញផែនទី និងភូមិសាស្ត្រកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា មានផែនទី និងសន្ធិសញ្ញាបារាំង-សៀម តម្កល់នៅឯអង្គការសហប្រជាជាតិរួចហើយ ដើម្បីបង្ហាញទៅអន្តរជាតិឲ្យដឹងថា ប្រាសាទព្រះវិហារគឺជាកម្មសិទ្ធិរបស់កម្ពុជា តែមួយគត់ នៅគ្រាដែលក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយនៅថ្ងៃទី១៤ ខែកុម្ភៈ ដើមសប្ដាហ៍ខាងមុខនេះ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ការអះអាងនេះ គឺនៅស្របពេលដែលមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសបារាំង ត្រូវបានប្រភពព័ត៌មានអន្តរជាតិ បានដកស្រង់ប្រសាសន៍ថា ក្រសួងការបរទេសបារាំង ត្រៀមនឹងផ្ដល់ផែនទីបារាំង-សៀម បើសិនណាកម្ពុជាត្រូវការ។
ប្រធានគណៈកម្មការចម្រុះកិច្ចការងារព្រំដែននៃរដ្ឋាភិបាលកម្ពុជា លោក វ៉ា គឹមហុង ជាទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា កម្ពុជាមានផែនទីនេះតម្កល់នៅអង្គការសហប្រជាជាតិរួចហើយ។
លោកបន្តថា ៖ «ជាផែនទីដែលយើងធ្វើបន្ទាប់ពីអនុសញ្ញា ១៩០៤ និងសន្ធិសញ្ញា ១៩០៧។ មានទាំងអស់ ៧ផ្ទាំង។ ខ្ញុំថា ផែនទីមានកំណត់ព្រំដែនអន្តរជាតិរួចទៅហើយ។ នៅសល់តែយើងទៅអនុវត្តនៅលើដីជាក់ស្ដែងបន្ថែមទៀតក្នុងការរុករក បង្គោលចាស់ និងបោះបង្គោលបន្ថែមថ្មីបន្ថែមនៅកន្លែងណាដែលមិនមានបង្គោល ហ្នឹងជាតួនាទីរបស់អនុស្សរណៈនៃការយោគយល់គ្នាឲ្យភាគីទាំង២ ចុះធ្វើកិច្ចការនេះ»។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា មានខ្សែបន្ទាត់ព្រំដែនជាមួយថៃ ចំនួន ៨០៥គីឡូម៉ែត្រ និងបានបោះបង្គោលព្រំដែនចំនួន ៧៣បង្គោលនៅក្នុងសម័យបារាំង។ បង្គោលព្រំដែនចំនួន ២៥ ត្រូវបានរកឃើញ និងបានឯកភាពគ្នារវាងកម្ពុជា និងថៃ។ នៅសល់បង្គោលព្រំដែនចំនួន ៤៨ទៀត កំពុងតែស្វែងរក។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា កម្ពុជាត្រូវការផែនទីដទៃទៀតដែលមានការពាក់ព័ន្ធគ្នា ៖ «រដ្ឋាភិបាល កម្ពុជា នឹងណែនាំស្ថានទូតកម្ពុជា នៅក្នុងទីក្រុងប៉ារីស ឲ្យទាក់ទងជាមួយក្រសួងការបរទេសបារាំង ដើម្បីពិនិត្យលទ្ធភាពថា តើយើងត្រូវការផែនទីប្រភេទណាខ្លះទៀត?»។
ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានកោះហៅប្រជុំជាបន្ទាន់មួយនៅថ្ងៃទី១៤ ខែកុម្ភៈ ដើមសប្ដាហ៍ខាងមុខនេះ រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) និងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) ដែលជាប្រធានសមាគមអាស៊ាន ឲ្យចូលរួមប្រជុំដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ។
ទាក់ទងទៅនឹងការអន្តរាគមន៍របស់ប្រទេសបារាំងនេះ កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានស្រង់សម្ដីលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃ ដែលបាននិយាយថា លោកបដិសេធចោលចំពោះការស្ម័គ្រចិត្តអន្តរាគមន៍របស់បារាំងនេះ៕
No comments:
Post a Comment