2011-02-26
វិទ្យុអាស៊ីសេរី
លោក សម រង្ស៊ី ក្នុងឱកាសពិភាក្សាជាមួយពលរដ្ឋខ្មែរអាមេរិក នៅសហរដ្ឋអាមេរិក បានប្រដូចស្ថានការណ៍បះបោរនៅប្រទេសក្នុងពិភពអារ៉ាប់ថា អាចនឹងកើតមានឡើងនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនអាចដោះស្រាយវិបត្តិគ្មានការងារធ្វើ អំពើពុករលួយ និងវិបត្តិដីធ្លី។
ប្រធាន គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង វិធី ជួបជុំ សហគមន៍ ខ្មែរ អាមេរិក នៅ ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១។ (RFA/Yun Samean)
ការទាយទុករបស់ជោគវាសនាកម្ពុជា របស់លោក សម រង្ស៊ី ធ្វើឡើងក្នុងវេទិកាពិភាក្សាមួយជាមួយខ្មែរអាមេរិកនៅទីក្រុងហ្វលស៍ ឈជ (Falls Church) រដ្ឋវីជីនៀ (Virginia) ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់។
លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បន្តថា បដិវត្តន៍ដែលកម្ពុជានឹងជួបប្រទះ គឺបដិវត្តន៍ទាមទារឲ្យមានដំណោះស្រាយបញ្ហាអត់ការងារធ្វើ ការរឹបអូសដីធ្លី ភាពក្រីក្រ និងអំពើពុករលួយ។
លោកបន្តទៀតថា បដិវត្តន៍ផ្កាម្លិះនៅប្រទេសទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និងព្រឹត្តិការណ៍ចុងក្រោយកំពុងកើតឡើងនៅប្រទេសលីប៊ី (Libya) បានញ៉ាំងឲ្យប្រជាជនក្នុងពិភពលោកមើលឃើញថា បដិវត្តន៍ផ្លាស់ប្ដូររបបផ្ដាច់ការគឺមានភាពចាំបាច់។
ប្រជាពលរដ្ឋនៅទុយណេស៊ី និងអេហ្សីប បានទទួលជោគជ័យក្នុងបដិវត្តន៍របស់ពួកគេ ដោយមេដឹកនាំប្រទេសទាំងពីរបានលាលែងចេញពីតំណែង។
លោក សម រង្ស៊ី មានប្រសាសន៍បន្ថែម ៖ «ប្រជាពលរដ្ឋដែលបះបោរនៅ ប្រទេសទាំងប៉ុន្មាននេះ គឺបះបោរដើម្បីអ្វី? ចង់បានអ្វី? តើប្រជាពលរដ្ឋឥឡូវនេះឈឺចាប់ដោយសាររឿងអ្វី? ដូចគ្នា គឺទី១ ភាពក្រីក្រ។ ដរាបណាគេថា ស្រុកអភិវឌ្ឍន៍ ប៉ុន្តែអភិវឌ្ឍន៍សម្រាប់នរណា? សម្រាប់អ្នកមានអំណាច? សម្រាប់មហាសេដ្ឋីឲ្យកាន់តែមានឡើង? ហ្នឹងប្រជារាស្ត្រអត់ចង់បានទេ គឺចង់មានការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសឲ្យអ្នកក្របានទទួលផលពីការអភិវឌ្ឍផង បើអ្នកក្រនៅតែក្រដដែលអាហ្នឹងច្បាស់ជាមានការតវ៉ាហើយ…»។
លោក សម រង្ស៊ី ក៏បានប្រាប់ខ្មែរអាមេរិកទៀតថា គណបក្ស សម រង្ស៊ី គាំទ្រការដោះស្រាយវិបត្តិព្រំដែនកម្ពុជា និងថៃ ជាលក្ខណៈអន្តរជាតិ ប៉ុន្តែមិនមែនយន្តការអាស៊ាន ដោយសារតែប្រទេសថៃ ជាប្រទេសមានអំណាចមួយក្នុងតំបន់ ដូច្នោះកម្ពុជា នឹងមិនទទួលបានផលចំណេញទេ។ លោក សម រង្ស៊ី បានស្នើឲ្យកម្ពុជា ដាក់ពាក្យបណ្ដឹងសាជាថ្មីទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយឲ្យកម្ពុជា។
លោក សម រង្ស៊ី ត្រូវបានតុលាការរដ្ឋាភិបាលភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត ក្លែងបន្លំឯកសារ និងបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩។ តុលាការកំពូលកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានបើកសវនាការដោះស្រាយបណ្តឹងលោក សម រង្ស៊ី ប៉ុន្តែបានពន្យារពេលប្រកាសសាលក្រមរហូតដល់ថ្ងៃទី១ ខែមីនា ខាងមុខនេះ។
លោក សម រង្ស៊ី បន្តទៀតថា លោកមិនបានសោកស្ដាយចំពោះការដកតម្រុយបង្គោលព្រំដែននោះទេ ពីព្រោះកម្ពុជា ពិតជាបានបាត់បង់ដីទៅឲ្យប្រទេសវៀតណាមមែន។ លោកបន្តថា ការដែលតុលាការកាត់ទោសលោក គឺដោយសាររដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យមានវត្តមានរបស់លោកក្នុងការបោះឆ្នោតសកលឆ្នាំ២០១៣ ខាងមុខនេះ។
លោកបន្តទៀតថា ៖ «អ្នកបម្រើបរទេស អ្នកធ្វើបាបប្រជារាស្ត្រ គេរករឿងយើង មានន័យថា យើងធ្វើត្រូវហើយ។ បើពួកមនុស្សអាក្រក់គាំទ្រយើង ជួយយើង និយាយល្អពីយើង មានន័យថា យើងធ្វើអាក្រក់ហើយ បើមនុស្សអាក្រក់ថា យើងអាក្រក់ ធ្វើបាបយើង មានន័យថា យើងធ្វើត្រូវហើយ ដូច្នេះធ្វើទៀត អត់មានខ្លាចអីទេ ការជួយប្រជារាស្ត្ររហូតដល់ចប់»។
លោក ហ៊ុន សែន ធ្លាប់បានព្រមាននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបំបាត់ការបះបោរណាមួយនៅកម្ពុជា ៖ «ផ្ដាំ ឲ្យហើយ បើអ្នកឯងប្រមូលគ្នាបានសូមអញ្ជើញមក! បើនាយករដ្ឋមន្ត្រីមិនដឹកនាំការពាររដ្ឋធម្មនុញ្ញ ទុកឲ្យគេធ្វើអនាធិបតេយ្យពេញផ្ទៃប្រទេសយ៉ាងម៉េច?»។
លោក ហ៊ុន សែន បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ បានកាន់កាប់អំណាចនៅកម្ពុជា អស់រយៈពេល ២៦ឆ្នាំ។ លោកធ្លាប់បានប្រកាសកាន់តំណែងរហូតដល់អាយុ ៩០ឆ្នាំ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ បានច្រានចោលការវិភាគរបស់លោក សម រង្ស៊ី។
លោកបន្តថា ការបន្តតំណែងរបស់មេដឹកនាំកម្ពុជា ធ្វើឡើងតាមរយៈការបោះឆ្នោត និងមិនមែនជាការបង្ខិតបង្ខំ ៖ «ខ្ញុំ អត់យល់ដូចគាត់ គាត់គ្រាន់តែប្រាប់រឿងមួយដែលជាការបញ្ចេញយោបល់របស់គេទេ ប៉ុន្តែកម្ពុជាមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអ្វីដែលឯកឧត្ដម សម រង្ស៊ី លោកមានប្រសាសន៍»។
លោក ផៃ ស៊ីផាន ក៏បានប្រកាសថា លោក សម រង្ស៊ី នឹងអាចប្រឈមមុខនឹងទោសនៅពន្ធនាគារដោយគ្មានដំណោះស្រាយនយោបាយណា មួយ ដើម្បីឲ្យលោក សម រង្ស៊ី រួចទោសនោះទេ។
ពលរដ្ឋខ្មែរអាមេរិក ដែលបានមកស្ដាប់ការពិភាក្សាជាមួយលោក សម រង្ស៊ី បានសម្ដែងក្តីបារម្ភអំពីស្ថានភាពព្រំដែន និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក យ័ប គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា ក្រុមពលរដ្ឋខ្មែរអាមេរិក បានរៀបចំការពិភាក្សានេះដើម្បីស្វែងយល់ការពិតនៅកម្ពុជា អំពីស្ថានភាពព្រំដែន បញ្ហាសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌។
លោកបន្តថា ៖ «ខ្ញុំចង់ឃើញស្រុកខ្មែរយើងគោរពច្បាប់ឲ្យ ត្រឹមត្រូវ កុំឲ្យថា អ្នកមានអំណាចធ្វើអ្វីតាមចិត្ត ហើយយើងមានតែច្បាប់សម្រាប់ពួកក្រីក្រគោរព»។
ក្ដីបារម្ភរបស់ពលរដ្ឋខ្មែរអាមេរិក គឺស្រដៀងនឹងក្ដីបារម្ភរបស់អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នករាយការណ៍អង្គការសហប្រជាជាតិក្នុងសន្និសីទសារព័ត៌មាន បានសម្ដែងកង្វល់ពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ កាត់ទោសបទបរិហារកេរ្តិ៍ និងការផ្សាយព័ត៌មានមិនពិត៕
No comments:
Post a Comment