Friday, January 21, 2011

ឡៅ ម៉ុងហៃ សោកស្ដាយ​ចំពោះ​ប្រតិកម្ម​របស់​នាយករដ

ឡៅ ម៉ុងហៃ សោកស្ដាយ​ចំពោះ​ប្រតិកម្ម​របស់​នាយករដ្ឋមន្ត្រី

ដោយ តាំង សារ៉ាដា
2011-01-21
​វិទ្យុ​អាស៊ីសេរី
អ្នក​វិភាគ​នយោបាយ​ដែល​បាន​ប្រៀបធៀប​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ទុយណេស៊ី ជាមួយ​ប្រទេស​កម្ពុជា បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ខឹងសម្បា​របស់​លោក ហ៊ុន សែន ទៅ​នឹង​សេចក្ដី​អត្ថាធិប្បាយ​ក្នុង​ឆន្ទៈ​ដើម្បី​ប្រទេស​ជាតិ ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា។
​លោក​បណ្ឌិត ឡៅ ម៉ុងហៃ (www.upiasia.com)
លោក បណ្ឌិត ឡៅ ម៉ុងហៃ (www.upiasia.com)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មករា កន្លង​ទៅ​នេះ បាន​គំរាម​ធ្ងន់ៗ​ធ្វើការ​ចាប់​ខ្លួន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ និង​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោយ​ពី​លោក​បាន​ថ្លែង​ពី​ប្រទេស​អង់គ្លេស ក្នុង​ការ​​លើក​ឧទាហរណ៍​ពី​ការ​បះបោរ​​របស់​ប្រជាជន​​​ទុយណេស៊ី ដែល​បាន​បណ្ដេញ​ចេញ​​ប្រធានាធិបតី​របស់​ខ្លួន​​ពី​តំណែង មក​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា។
លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «កាល​ពី​ឆ្នាំ​២០០៣ អា​ម្សៀ​ហ្នឹង​និយាយ​ម្ដង​ហើយ​ថា ថ្វាយ​អំណាច​ឲ្យ​ព្រះមហាក្សត្រ​សិន​ចាំ​បោះ​ឆ្នោត។ ខ្ញុំ​សុំ​ផ្ដាំ​​ទៅ​អ្នក​ឯង ចង់​ឲ្យ​មាន​កុបកម្ម​ដូច​នៅ​ទុយណេស៊ី ខ្ញុំ​នឹង​បិទ​ទ្វារ​វ៉ៃ​ឆ្កែ ពេល​នេះ​ផ្ដាំ​ឲ្យ​ហើយ។ ឥឡូវ​ខ្ញុំ​កំពុង​ផ្ដាំ​ឲ្យ​រក​ឯកសារ​អា​ម្សៀ​ហ្នឹង ចូល​ស្រុក​អាច​ចាប់។ បើ​អ្នក​ឯក​ប្រមូល​គ្នា​បាន​សូម​អញ្ជើញ​មក។ បើ​នាយករដ្ឋមន្ត្រី​មិន​ដឹកនាំ​ការពារ​​រដ្ឋធម្មនុញ្ញ​ទុក​ឲ្យ​គេ​ធ្វើ​ អនាធិបតេយ្យ​ពេញ​ផ្ទៃ​ប្រទេស​យ៉ាង​ម៉េច?»។
ពី​ប្រទេស​អង់គ្លេស លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បក​ស្រាយ​របស់​លោក​កន្លង​មក មិន​មាន​ចេតនា​អាក្រក់​ណា​មួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ហើយ​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​បញ្ហា​នេះ។
លោក​បន្ត​ថា ៖ «មាន​តែ​ការ​សោកស្ដាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ អត្ថាធិប្បាយ​ដោយ​មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ទៅ​ជា​បង្ក​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ខឹងសម្បា​នឹង​ខ្ញុំ​នោះ ខ្ញុំ​មាន​ការ​សោកស្ដាយ គឺ​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​នេះ​ដោយ​មាន​សុឆន្ទៈ​ល្អ​ចំពោះ​រដ្ឋាភិបាល ចំពោះ​ប្រទេស​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត»។
លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​​១៦ មករា​ថា ការ​ផ្ទុះ​កំហឹង​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ទុយណេស៊ី ជា​មេរៀន​មួយ​សម្រាប់​អ្នក​ដឹក​នាំ​កម្ពុជា ប្រសិន​បើ​កម្ពុជា ជួប​វិបត្តិ​សេដ្ឋកិច្ច​អត់​ការងារ​ធ្វើ ហើយ​លោក​ថា ការ​រៀបចំ និង​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​តាម​ក្របខ័ណ្ឌ​ច្បាប់ អាច​ជួយ​ឲ្យ​សង្គម​កម្ពុជា ក្លាយ​ជា​នីតិរដ្ឋ​ដែល​ជា​កត្តា​អាច​ជួយ​បញ្ចៀស​ភាព​វឹកវរ និង​អំពើ​ហិង្សា​ដូច​នៅ​ប្រទេស​ទុយណេស៊ី។
លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ទៀត​ថា ៖ «ដើម្បី​ផលប្រយោជន៍​ជាតិ គេ​គួរ​កសាង​ស្ថាប័ន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​ប៉ុន្មាន​ហ្នឹង​ ឲ្យ​មាន​លក្ខណៈ និង​ដំណើរការ​ឲ្យ​ស្រប​ទៅ​តាម​លក្ខណៈ​របស់​ស្ថាប័ន​ប្រជាធិបតេយ្យ ឬ​ស្ថាប័ន​នីតិរដ្ឋ។ កាល​ណា​រឹងមាំ​ទៅ គឺ​ថា យើង​អាច​ផ្លាស់ប្ដូរ​របប​អី​គឺ​វា​ស្រួល ហើយ​ឲ្យ​មាន​ការ​កែប្រែ​អី​ដោយ​សន្តិវិធី​បាន»។
ប្រធានាធិបតី លោក ហ្ស៊ីន អែល អាប៊ីឌីន បែនអាលី (Zine el-Abidine Ben Ali) បាន​រត់​ភៀស​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ទៅ​ជ្រកកោន​នៅ​​អារ៉ាប៊ីសាអ៊ូឌីត ក្រោយ​ពី​មាន​ការ​បះបោរ​ពី​កម្លាំង​មហាជន​ប្រឆាំង​នឹង​ការ​កាន់​អំណាច​ជាង ២០​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ត្រូវ​បាន​ពលរដ្ឋ​ទុយណេស៊ី ចោទ​ថា បាន​ប្រើ​អំណាច​ផ្ដាច់ការ ប្រព្រឹត្ត​​​អំពើ​ពុករលួយ បំបិទ​សិទ្ធិ​សេរីភាព និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទុយណេស៊ី អត់​ការងារ​ធ្វើ​​កាន់​តែ​ច្រើន​ឡើង។
បច្ចុប្បន្ន​លោក ហ្ស៊ីន អែល អាប៊ីឌីន បែនអាលី អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ទុយណេស៊ី កំពុង​ស្នាក់នៅ​គេច​ខ្លួន​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ សាច់ញាតិ និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ចំនួន ៣៣​នាក់ ដែល​ព្យាយាម​រត់​ចេញ​ពី​ប្រទេស​ដែរ​នោះ ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន៕

No comments:

Post a Comment