Wednesday, January 26, 2011

សរសើរ​ខ្លាំង​ពេក​ខ្វះ​ការ​ពិត របស់​លោក ផៃ ស៊ីផាន ទៅ​ជា​រឿង​ចាប់​ជើង ហ៊ុន សែន បោក​ដូច​កង្កែប

សរសើរ​ខ្លាំង​ពេក​ខ្វះ​ការ​ពិត របស់​លោក ផៃ ស៊ីផាន ទៅ​ជា​រឿង​ចាប់​ជើង ហ៊ុន សែន បោក​ដូច​កង្កែប

នៅ​ក្នុង​កម្ម​វិធី​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃអង្គារ ទី២៥ មករា ដែល​គេ​ដឹង​ថា អ្នក​ហៅ​ចូល​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​មនុស្ស​គាំទ្រ​បក្ស​ប្រជាជន ដែល​ហាក់​ដូច​ជា​ដឹង​ម៉ូរ​ប្រាប់​គ្នា​មុន​នោះ គេ​ឃើញ​លោក ផៃ ស៊ីផាន ជា​អ្នក​នយោ​បាយ​ហក់​លោត ដែល​ជា​វាគ្មិន​បាន​ឆ្លៀត​ឱកាស​លើក​ជើង​សរសើរ ហ៊ុន សែន ស្ទើរ​តែ​ផុត​ក្បាល​តែ​ម្តង។ ហើយ​អ្វី​ដែល​គាត់​ចេះ​តែ​សរសើរ ហ៊ុន សែន វ៉ាប់យកៗនេះ ត្រូវបានគេមើលឃើញថា គាត់ហាក់ដូចជាធ្វើឱ្យនាយករដ្ឋមន្ត្រីគាត់អស់ជំហរ អុកគូថ​ទល់​ផ្អក ឬក៏ហាក់ដូចជា ចាប់ជើង ហ៊ុន សែន បោកផោះៗដូចកង្កែបតែម្តង។
ហើយអ្វីដែលគេនឹកឃើញហួសចិត្តខ្លាំងពេកនោះ គឺនៅពេលលោក ផៃ ស៊ីផាន ដែលបច្ចុប្បន្នទទួលខ្លួនជាអ្នកស៊ីឈ្នួល​បញ្ចោញ​ប្រតិកម្មជំនួស ហ៊ុន សែន នោះ គឺការដែលគាត់នេះបាននិយាយទាញយក ហ៊ុន សែន ពីបាតអណ្តូង មកប្រៀបធៀបគុណ​សម្បត្តិ​ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ថា នាយករដ្ឋមន្ត្រីដែលមានអតីតភាពជាកូនឈ្លបខ្មែរក្រហម​ម្នាក់​នេះ មានគុណសម្បត្តិឡូយជាង អូបាម៉ា បើតាមការស្ទង់មតិ។ លោក ផាន បាននិយាយថា តាមការស្ទង់មតិនៅអាមេរិក គេ​ឃើញ​ថា ការគាំទ្ររបស់ពលរដ្ឋអាមេរិកទៅលើបេក្ខភាពលោក អូបាម៉ា ឃើញធ្លាក់តែរហូត ខុសពីលោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីខ្មែរ ដែលតាមរបាយការណ៍ស្ទង់មតិធ្វើដោយ IRI កាលពីពេលថ្មីៗរកឃើញថា លោក ហ៊ុន សែន ទទួលបានប្រជាប្រិយ​ភាពពីពលរដ្ឋខ្មែររហូតដល់៧៦ភាគរយឯហ្នុះ។
ការនិយាយបែបនេះ បានធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរខ្លះនឹកចង់ឈឺសើចចំពោះការ ធ្មិចភ្នែកលើកជើងនាយករដ្ឋមន្ត្រីរបស់​លោក ផៃ ស៊ីផាន ថាវាហាក់ដូចជារឿងលើកជើងហួសប្រមាណពេក នៅពេលដែលប្រធានាធិបតី អូបាម៉ា របស់អាមេរិកមាន​ សមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ជាមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោក តែបែរជាខ្លួនខំប្រឹងព្យាយាមលើក មេដឹកនាំនៃ​ប្រទេសដ៏ក្រីក្របែបភក់ជ្រាំយកទៅបន្តុបពីលើ ដែលបែបនេះវាទៅជាការបង្អាប់ បង្អោនដល់មុខមាត់របស់គាត់ទៅវិញ។ គឺ​ខណៈដែលនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ជាញយដងត្រូវបានគេកត់សម្គាល់ឃើញថា ហ៊ានលួចសរសើររបបរបស់គាត់ ដោយ​ប្រុងប្រយ័ត្ន តែជាមួយរបបខ្មែរក្រហមដ៏លីលាតែប៉ុណ្ណោះ។
នេះបើតាមការពិនិត្យឱ្យដិតដល់ កន្លែងខ្លះនៃការគ្រប់គ្រងអំណាចរបស់បក្សប្រជាជន កម្ពុជាបច្ចុប្បន្ន ដូចជាយ៉ាប់ធ្ងន់ជាងពួក​ខ្មែរក្រហមទៀតផង បើលើកលែងតែពីការសម្លាប់មនុស្សមួយមុខចេញនោះ។ ដូចជាអំពើពុករលួយដ៏រីករាលដាល ភាពអយុត្តិ​ធម៌ក្នុងសង្គម គំលាតជីវភាពខុសគ្នាឆ្ងាយ រវាងអ្នកមាន និងអ្នកក្រ ការបំផ្លាញសម្បត្តិធម្មជាតិ៘ និង ៘ ដែល​កាល​សម័យខ្មែរក្រហមពីឆ្នាំ១៩៧៥-១៩៧៩ គេឃើញថា ជីវភាពរបស់មនុស្សនាពេលនោះ រាប់ទាំងពី ប៉ុល ពត ខ្លួនឯងផង មាន​ជីវភាពរស់នៅ របបទទួលទាន មិនលើសពីពលរដ្ឋសាមញ្ញដែលជាទាសករនៃរបបរបស់គេប៉ុន្មានទេ។
ស្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតិ ឱ្យរស់នៅក្នុងវាំងកាលនោះ ព្រះអង្គ​ធ្លាប់មានបន្ទូលជាសាធារណៈថា ព្រះអង្គ និងព្រះមហេសី ក៏ត្រូវបានគេឱ្យប្រើប្រាស់សម្លៀកបំពាក់ពណ៌ខ្មៅ ហើយកាន់ចប​បង្គី​ធ្វើពលកម្មជំរះ ស្មៅនៅក្នុងវាំងដូចជាប្រជារាស្ត្រជាកូនចៅឯទៀតដែរ។ ហើយជាញឹកញាប់ ព្រះអង្គបាន សោយសម្លរម្ជូរដើម​ចេកជាមួយត្រីចង្វារដែលទាហានខ្មែរក្រហមបានអូសពីទន្លេ។ ចំណែកនៅតាមមូលដ្ឋានវិញ បើគេរកឃើញថា មេសហករណ៍ ឬមេឃុំណាម្នាក់ដែលហ៊ានតែលួចពមបាយមួយដុំលើសពីពលរដ្ឋសាមញ្ញនោះ ប្រាកដជាអង្គការយកទៅសម្លេះចោលហើយ។ ចំណែកឯសម្បត្តិធម្មជាតិដូចជាត្រី រ៉ែក្រោមដីផង គឺនៅទាំងដុលតែម្តង គ្មានរបេះរបូតអ្វីទេ ចំណែកជនអន្តោប្រវេសន៍យួនវិញ គឺមិនបាច់និយាយឡើយ សូម្បីតែពលរដ្ឋខ្មែរខ្លះដែលមានរូបរាងកាយដូចយួន ក៏អត់ទុកដែរ។ ហើយខាងព្រំដែនក៏ដូច្នេះដែរ គឺ​គ្មានអ្នកណាម្នាក់ដែលជាសត្រូវរបស់ខ្មែរក្រហម ទាំងពេលដែលខ្មែរ ក្រហមកំពុងកាន់អំណាច រហូតមកដល់ពេលនេះ ហ៊ាន​និយាយថា ខ្មែរក្រហមបានធ្វើឱ្យបាត់ បង់ចំណែកដីខ្មែរទៅឱ្យបរទេសទេ។ ទាំងនេះហើយជាចំណុចដែលគេមើល ឃើញថា ការ​គ្រប់គ្រងអំណាចរបស់ពួកខ្មែរក្រហមគ្រាន់បើជាងការគ្រប់គ្រងរបស់ ហ៊ុន សែន បច្ចុប្បន្ន ដែលគេឮសូរតែសម្លេង​រាស្ត្រ​ខ្មែរ​យំ​ស្រែក ពីការដែលគេឆក់ប្លន់យកដីធ្លី អំពើពុករលួយ អំពើ ឃោរឃៅ ការធ្មេចភ្នែកទុកឱ្យបរទេស​ជិតខាងរំលោភ​ទន្ទ្រាន​យក​ដី៘
ជាមួយគ្នាដែរ ជារបៀបលើកជើង លោក ផៃ ស៊ីផាន បានធ្វើជានិយាយបន្ទរដល់អ្វីដែល ជាកំហឹងរបស់លោក ហ៊ុន សែន ដែល​ធ្លាយចេញយ៉ាងគ្រោតគ្រាតកាលពីពេលថ្មីៗនេះទៅ លើក្រុមអ្នកប្រឆាំង ដែលក្នុងនោះរាប់មានទាំងលោក ប្រេដអាដាម នាយក​អង្គការសិទ្ធិមនុស្ស អាស៊ី លោកបណ្ឌិត ឡៅ ម៉ុងហៃ ដោយបានផ្តល់រហ័ស្សនាមអ្នកទាំងនោះថា ជាក្រុមបិសាច។ ជាបិសាច​ដែលបានរំខានដល់ការគ្រប់គ្រងអំណាចតាមបែបផ្តាច់ការបច្ចុប្បន្ន របស់ក្រុមបក្ស ប្រជាជន ដែលក្នុងនោះមានខ្លួនម្នាក់ដែរ ដែល​ទទួលបានផលប្រយោជន៍ និងតួនាទីពីកំអែល អំណាចរបស់បក្សនេះ។
ការលើក​ឡើងរបស់លោក ឡៅ ម៉ុងហៃ ដែលជាការក្រើនរំលឹកមេដឹកនាំខ្មែរឱ្យ គិតគូ ពីកាតព្វកិច្ចរបស់ខ្លួន និងជាការផ្តល់​សញ្ញាផ្លូវសម្រាប់ពលរដ្ឋកម្ពុជា ឱ្យទៅមើលឃើញស្ថានភាពនៅប្រទេសទុយណេស៊ី ដែលប្រហាក់ប្រហែលនឹងខ្មែរ ប៉ុន្តែទីបំផុត​ទៅពលរដ្ឋទុយណេស៊ីបានដណ្តើមឯករាជ្យ ហើយមេដឹកនាំផ្តាច់ការពុករលួយ បេន អាលី បានរត់គេចខ្លួនផះ​ក្រញាំទៅ​ក្រៅ​ប្រទេស។ ដែលការបញ្ចោញទស្សនៈនេះ បានធ្វើឱ្យ ហ៊ុន សែន ខ្លួនឯងផ្ទាល់មានការភ័យខ្លាចរអើលខ្នងយ៉ាងខ្លាំង ហើយ​ក៏​បានក្លាយទៅជាផ្នែក មួយធ្វើឱ្យលោក ផៃ ស៊ីផាន ព្យាយាមទាំងខុសរឿងដើម្បីធ្វើការវាយប្រហាបកទៅលោក ឡៅ ម៉ុងហៃ តាម​របៀបឆៅៗ។
ប៉ុន្តែបើទោះជាដូច្នេះក្តី ក្នុងចំណោមអ្នកហៅទូរស័ព្ទចូលទាំងអស់កាលពីម្សិលម៉្ងៃនោះ គេកត់សម្គាល់ឃើញថា មានម្នាក់បាន​លើក​សំនួរសើយទៅវិញថា បើបក្សប្រជាជន និង លោក ហ៊ុន សែន មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរមហិមារប៉ុណ្ណឹង ចុះចាំ​បាច់​អីទៅភ័យខ្លាច គ្រាន់តែការលើកឡើងជាទស្សនៈបែបលោក ឡៅ ម៉ុងហៃ នោះ។ ដែលសំណួរនេះវាបាន ធ្វើឱ្យលោក ផៃ ស៊ីផាន ជាវាគ្មិន បង្វិលគូថចុះឡើងលើកៅអី ហាក់ដូច ជាចង់ពាំត្រណោតជាន់កន្ទុយខ្លួនឯង រហូតដល់ជាន់ដោយទាំងមេ​គាត់​ឱ្យដួលផ្កាប់មុខទាំងជំហរតែម្តងហើយ៕

No comments:

Post a Comment