Sunday, January 30, 2011

អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​ចោទ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​ថា​ចាក់​ដី​លុប​ផ្ទះ​សំបែង

ដោយ សុខ សេរី
2011-01-30
វិទ្យុ​អាស៊ីសេរី
សំណុំ​រឿង​ដីធ្លី​រវាង​ប្រជា​ពល​រដ្ឋ និង​ក្រុមហ៊ុន​ផាន​អ៊ីម៉ិក នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដោល ដែល​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​មក ឥឡូវ​បាន​កម្រើក​ជា​ថ្មី​ទៀត​ហើយ។
ប្រជា​ពល​រដ្ឋ​ចំនួន ១៤​គ្រួសារ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ភូមិ​ពោធិមង្គល ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯក​ជន​មួយ​ឈ្មោះ​ផាន​អ៊ីម៉ិក (Phanimek) បាន​ចាក់​ដី​លុប​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ ដើម្បី​រឹប​យក​ដីធ្លី។ ប៉ុន្តែ​សកម្មភាព​នោះ​បាន​ផ្អាក​ទៅ​វិញ ដោយសារ​តែ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​តវ៉ា ត្រៀម​ប្រើ​អំពើ​ហិង្សា ដើម្បី​ប្រឆាំង​ក្រុមហ៊ុន។
សកម្មភាព​នោះ បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ថ្មីៗ​នេះ នៅ​គ្រា​ដែល​រថយន្ត​ដឹក​ដី​របស់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិក​ចំនួន ២​គ្រឿង បាន​ដឹក​ដី​មក​ចាក់​លុប​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ​ទាំង​នោះ។
ប្រជា​ពល​រដ្ឋ​ដែល​បាន​ងើប​តវ៉ា បាន​រង​ការ​ភ្ជង់​ដោយ​កាំភ្លើង ពី​កម្លាំង​សន្តិសុខ​ការ​ពារ​ដីធ្លី​ឲ្យ​ក្រុមហ៊ុន។
រឿង​ចម្រូងចម្រាស​នេះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ដោយ​សារ​តែ​មេ​ឃុំ​ព្រែក​តាទែន បាន​ធ្វើ​កិច្ច​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ដោះ​ស្រាយ​ពន្លត់​អំពើ​ហិង្សា ដែល​បម្រុង​នឹង​កើត​ឡើង​នោះ។
ប្រជា​ពល​រដ្ឋ​ឈ្មោះ ឆេង ឃុន អាយុ​៤១​ឆ្នាំ នៅ​ក្នុង​ចំណោម ១៤​គ្រួសារ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា​លោក​បាន​រង​ការ​ភ្ជង់​ដោយ​ចុង​កាំភ្លើង នៅ​ពេល​ដែល​លោក​បាន​ប្រឆាំង​និង​ការ​ចាក់​ដី​លុប​នោះ ៖ “ដក​កាំភ្លើង​រក​បាញ់ ដោយ​សារ​ប្រជា​ជន​យើង​ខ្លះ​កាន់​ដំបង ខ្លះ​កាន់​ដំ​ថ្ម ខ្លះ​កាន់​ដុំ​ដី​អ៊ីចឹង​ទៅ គ្នា​វា​ថយ​ឡាន​វិញ​ទៅ“។
ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ពុំ​មាន​ដីធ្លី​រស់​នៅ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ទេ ដោយ​បាន​មក​តាំង​ទី​លំនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ តាំង​ពី​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​១៩៩៨ កន្លង​មក និង​មាន​ការ​ដឹង​ឮ​ដោយ​អាជ្ញាធរ​មូលដ្ឋាន។
ប្រជា​ពល​រដ្ឋ​ឈ្មោះ ជួប ម៉ីង​យ៉ាង អាយុ​៥៥​ឆ្នាំ បាន​ថ្លែង​ថា លោក​ស្រី​មិន​ព្រម​ឲ្យ​ក្រុមហ៊ុន​រឹប​អូស​យក​ដីធ្លី​នេះ​ទេ ប៉ុន្តែ​លោក​ស្រី​ទុក​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​រឹប​អូស​យក​ទៅ​វិញ ពី​ព្រោះ​ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ៖ “ខ្ញុំ​ឡើង​តុលាការ​ដល់ ៣​ដង ហើយ​ទាមទារ​ថា​ដី​របស់​គាត់ ដី​ចិញ្ចើម​ថ្នល់ ដី​ជា​ចំណី​របស់​រដ្ឋ​សោះ។ ខ្ញុំ​កាប់​ព្រៃ​នៅ​តាំង​ពី​ខ្ញុំ​កាប់​ព្រៃ​ហ្នឹង អត់​មាន​អ្នក​ណា​មក​ឃាត់ ភូមិ ឃុំ​ណា ឬ​មួយ​ឯក​ជន​ណា បុគ្គល​ណា​ឃាត់​ថា ជា​ដី​របស់​គេ ឬ​មួយ​យ៉ាង​ម៉េច​ទេ ខ្ញុំ​កាប់ ៦​ឬ​៧​ថៃ្ង“។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិក​បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​ការ​ពន្យល់​អំពី​ដំណោះ​ស្រាយ និង​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ ដោយ​គ្មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​នៅ​ថ្ងៃ​អាទិត្យ។
មេ​ឃុំ​ព្រែក​តាទែន​លោក ម៉ៅ ប៊ុន​ហ៊ីន ដែល​បាន​ជួយ​អន្តរាគមន៍​បញ្ឈប់​អំពើ​ហិង្សា​ថ្មីៗនេះ បាន​មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​កណ្ដាល​មិន​ទាន់​បាន​សម្រេច​ឲ្យ​ភាគី​ប្រជា​ពល​រដ្ឋ ឬ​ក្រុមហ៊ុន​ជា​អ្នក​ឈ្នះ​ក្ដី​នៅ​ឡើយ​ទេ ជុំវិញ​សំណុំ​រឿង​នេះ ៖ “យើង​ ដឹង​ហើយ​ថា ប្រជា​ជន​បច្ចុប្បន្ន​នេះ​កំពុង​តែ​ក្រីក្រ​ដែរ គឺ​មាន​តែ​ការ​សម្របសម្រួល​គ្នា យោង​ទៅ​លើ​លក្ខការ​មួយ​ដែល​ថា ប្រជា​ជន​រស់​នៅ​ជា​មួយ​ក្រុមហ៊ុន ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ការ​យល់យោគ​ដល់​ប្រជា​ជន“។
ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផាន​អ៊ីម៉ិក បាន​ទទួល​សិទ្ធិ​តាម​រយៈ ស.ជ.ណ. កាល​ពី​ឆ្នាំ​១៩៩០ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដីធ្លី​ចំនួន ៤០០​ហិកតារ ដើម្បី​ធ្វើ​កសិ-ឧស្សាហកម្ម​នៅ​លើ​ដីធ្លី​នោះ។
គ្រួសារ​ប្រជា​ពល​រដ្ឋ​បាន​បញ្ជាក់​ថា ពួក​គាត់​ចង់​បន្ត​រស់​នៅ​ទី​នោះ ដោយ​សារ​គ្មាន​ដីធ្លី​រស់​នៅ​កន្លែង​ផ្សេង បើ​មិន​ដូច្នោះ​ទេ គ្រួសារ​ទាំង​នោះ​ត្រូវ​ការ​សំណង​សមរម្យ​ពី​ក្រុមហ៊ុន ដើម្បី​ចាក​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត ទៅ​រក​កន្លែង​រស់​នៅ​ថ្មី៕

No comments:

Post a Comment