Wednesday, January 26, 2011

អ្នក​ភូមិ​ខេត្ត​កំពង់ស្ពឺ​៤នាក់ ត្រូវ​បាន​ប៉ូលិស​វាយ​សំពង​នឹង​ដំបង​ឆក់ អំឡុង​ពេល​រារាំង​មិន​ឲ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​ដី​ស្រែ

អ្នក​ភូមិ​ខេត្ត​កំពង់ស្ពឺ​៤នាក់ ត្រូវ​បាន​ប៉ូលិស​វាយ​សំពង​នឹង​ដំបង​ឆក់ អំឡុង​ពេល​រារាំង​មិន​ឲ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​ដី​ស្រែ

អំឡុង​ដែល​អ្នក​ភូមិ​មួយ​ផ្នែក​ នៅ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ Master International Group លើក​គ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ អ្នក​ភូមិ​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​គ្រឿង​ ចក្រ​របស់​ក្រុម​ហ៊ុន​នេះ​ឈូស​ឆាយ​ដីស្រែ​របស់​ពួក​គាត់។ ការ​រារាំង​បាន​នាំ​ទៅ​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហឹង្សា ដែល​ក្នុង​នោះ អ្នក​ភូមិ​យ៉ាង​ហោច​ណាស់​៤នាក់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្រុមហ៊ុន ក៏​ដូច​ជា​ប៉ូលិស និង​ប៉េអឹម វាយ​សំពង​នឹង​ដំបង​ឆក់ ឲ្យ​ទទួល​រង​របួស​ជា​ទម្ងន់។
ការបង្រ្កាបរបស់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋក្នុងជម្លោះដីធ្លី
ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គេ​គ្រាន់​តែ​ស្រែក​​តវ៉ាតាម​សន្តិ​វិធី មិន​ឲ្យ​ក្រុម​ហ៊ុន​បញ្ជា​គ្រឿង​ចក្រ​ឈូស​ឆាយ​ដីស្រែ ប៉ុន្តែ​ពេល​នោះ​ក្រុម​ចម្រុះ​បាន​ធ្វើ​ការ​បាញ់​រះ ហើយ​វាយ​វាត់​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​មាន​តែ​ដៃ​ទទេរ និង​ដំបង​ឆក់។
ជម្លោះ​ដីធ្លី​៩៥០ហិកតា រវាង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជា​មួយ​ក្រុមហ៊ុន Master International Group បាន​ផ្ទុះ​ឡើង​តាំង​តែ​ពីឆ្នាំ​២០០៨ នៅ​ពេល​ដែល​គណៈ​រដ្ឋ​មន្រ្តី នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​ប្រគល់​ទំហំ​ដី​នេះ ទៅ​ឲ្យ​ក្រុម​ហ៊ុន ហើយ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ។ ក្រុម​អ្នក​ភូមិ​បាន​លើក​គ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជួយ​អន្តរា​គមន៏​ដោះ​ស្រាយ ប៉ុន្តែ​ចំនួន​ពីរ​លើក​ហើយ ចំណារ​អន្តរា​គមន៏​ដែល​ពល​រដ្ឋ​ទទួល​បាន​ពី​ខុន្ទកាល័យ ហ៊ុន សែន ពុំ​មាន​ប្រសិទ្ធិ​ភាព ដើម្បី​ឲ្យ​ក្រុម​ហ៊ុន និង​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​កន្លែង​ដែល​មាន​ទំនាស់​នោះ អនុវត្ត​តាម​ឡើយ៕

No comments:

Post a Comment