Tuesday, January 25, 2011

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Human Rights Watch

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ Human Rights Watch

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ
ដោយ ម៉ៅ សុធានី
2011-01-25
​វិទ្យុ​អាស៊ីសេរី
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch (HRW) បាន​អះអាង​ថា បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ដែល​កើត​ឡើង​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក មិន​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប យក​ចិត្ត​ទុក​ដាក់​គិតគូរ​ដោះស្រាយ​ឡើយ។
ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ ចំនួន ៦៦៨​ទំព័រ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មករា ទាក់ទង​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក រាប់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​អះអាង​ថា បញ្ហា​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ខ្លះ ត្រូវ​បាន​គេ​មិន​អើពើ​គិតគូរ​ដោះស្រាយ​អ្វី​ឡើយ ក៏​ប៉ុន្តែ​បែរ​ជា​ជ្រើស​យក​ការ​ពង្រឹង​ទំនាក់​ទំនង​ការទូត​ជា​ជាង​ការ​ ថ្កោល​ទោស​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។
របាយការណ៍​ដដែល​បន្ត​ថា ជម្រើស​យក​វិធី​ទន់ភ្លន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គេ​មិន​អាច​ធានា​បាន​ថា ប្រទេស​ដែល​ប្រើ​អំណាច​ផ្ដាច់ការ ជិះជាន់​​ប្រជាពលរដ្ឋ​អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​ដឹកនាំ​ក្នុង​ប្រទេស​ទាំង​ នោះ​បាន​ឡើយ។
លោក ខេនណិត រ៉ត (Kenneth Roth) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ថ្លែង​បញ្ជាក់​ថា កិច្ចពិភាក្សា និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ដែល​ប្រើ​អំណាច​ផ្ដាច់ការ ជា​ញឹកញាប់​គឺ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​បាន​ឡើយ។
ទាក់ទង​នឹង​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោកស្រី សារ៉ា ខម (Sarah Colm) អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា មេដឹកនាំ​កម្ពុជា គួរ​តែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​ម្នាក់ នៃ​អនុ​សញ្ញា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។
លោកស្រី សារ៉ា ខម បន្ត​ថា ៖ “យើង​សុំ​ធ្វើការ​អំពាវនាវ​ដល់​អង្គការ​ សហប្រជាជាតិ និង​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ សូម្បី​បី​តែ​មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​ក៏​ត្រូវ​បាន​មេដឹកនាំ​ រដ្ឋាភិបាល​ធ្វើការ​វាយ​ប្រហារ​ពាក្យ​សម្ដី​ខ្លាំងៗ​ផង​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វា​ជា​រឿង​សំខាន់​ណាស់ ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​មាន​ជំហរ​រឹងមាំ គាំទ្រ​នូវ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស“។
លោក ហែម ហេង ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក ធ្លាប់​បាន​មាន​ប្រសាសន៍​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ Freedom House កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ដាក់​កម្ពុជា នៅ​ក្នុង​ចំណាត់​ថ្នាក់ «គ្មាន​សេរីភាព» ថា ពុំ​ឆ្លុះ​បញ្ចាំង​ការពិត​នោះ​ទេ។
លោក ហែម ហេង មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​យល់​ថា នេះ​ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​កម្ពុជា នៅ​តែ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ។ ទោះ​បី​ជា​ការ​ថា​យ៉ាង​ម៉េច​ក៏ដោយ ប៉ុន្តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​គឺ​ថា នៅ​តែ​ធ្វើ កែ​លម្អ​អ្វីៗ​ឲ្យ​រឹតតែ​ប្រសើរ​ថែម​ទៀត។ ខ្ញុំ​មិន​យល់​ពី​អស់​លោក​ទាំង​ហ្នឹង មិន​ដឹង​គាត់​ឈរ​លើ​មូលដ្ឋាន​អី​ដែល​គាត់​វាយ​តម្លៃ​ពី​កម្ពុជា​យ៉ាង​ ដូច្នេះ»។
ក្នុង​របាយការណ៍​ដដែល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​បាន​រិះគន់​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​បរាជ័យ​ក្នុង​ការ​គាប​សង្កត់​មេដឹកនាំ​ចិន ឲ្យ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន។
នៅ​ទន្ទឹម​នេះ​ដែរ របាយការណ៍​ក៏​បាន​លើក​ឡើង​អំពី​ជំហរ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចំពោះ​ប្រទេស​ចិន ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ។
របាយការណ៍​បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​កាល​ពី​សប្ដាហ៍​មុន​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជីនតៅ (Hu Jintao) លោក បារ៉ាក់ អូបាម៉ា គ្រាន់​តែ​បាន​លើក​ឡើង​ឲ្យ​មេដឹកនាំ​ចិន គោរព និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិន​បាន​ធ្វើការ​គាប​សង្កត់​ធ្ងន់ៗ​នោះ​ឡើយ ហើយ​ថែម​ទាំង​បញ្ជាក់​ប្រាប់​មេដឹកនាំ​ចិន​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ប្រទេស​ជា​មិត្ត​របស់​ចិន និង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ពិភពលោក​ផង​ដែរ៕

No comments:

Post a Comment