Thursday, January 27, 2011

ទាហាន​ថៃ​បាញ់​ខ្មែរ​ស្លាប់​ម្នាក់ របួស​៣​នាក់ នៅ​ខេត្ត​ស៊ី​សា​កេត




ដោយ ហង្ស សាវយុត
2011-01-27
​វិទ្យុ​អាស៊ីសេរី
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​ខ្មែរ​ប្រចាំ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បាញ់​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា។
មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ថៃ​នៃ​ខេត្ត​ស៊ី​សា​កេត (Sisaket) បាន​ធ្វើ​ការ​ជូន​ដំណឹង​មក​ថា គេ​បាន​តម្កល់​ទុក​សាកសព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ដែល​ទា​ហាន​ថៃ​បាន​បាញ់​ស្លាប់​កាល​ពី​៤​ថ្ងៃ​មុន ដើម្បី​ឲ្យ​ក្រុម​ការ​ងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា សាក​សួរ​រក​សាច់​ញាតិ និង​ប្រគល់​សាក​សព​នោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ខ្មែរ​វិញ។
លោក​វរសេនីយ៍​ទោ តូច រ៉ា អនុ​ប្រធាន​ក្រុម​ការ​ងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់​វែង បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៏ ទី​២៧ ខែ​មករា ថា​ទា​ហា​ន​ថៃ​បាន​បាញ់​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់ និង​៣​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់​ខ្លួន​យក​ទៅ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា​។
ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​កង​ទាហាន​ថៃ នៃ​ខេត្ត​ស៊ី​សា​កេត​បាន​ដើរ​ល្បាត​ការ​ពារ​ព្រៃ​ឈើ នៅ​ជាប់​តំបន់​អូរ​ខ្សាច់​នៃ​ព្រំដែន​ស្រុក​ត្រពាំង​ប្រាសាទ​របស់​ខ្មែរ ហើយ​ពើប​ប្រទះ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ក្រុម ដែល​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់។
មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​រង់ចាំ​ជួប​គ្រួសារ​សព ដើម្បី​ជួយ​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​អាជ្ញាធរ​ថៃ សុំ​សាក​សព​ទៅ​ឲ្យ​គ្រួសារ​របស់​គេ​វិញ ៖ “យើង​ចាំ​ឲ្យ​គ្រួសារ​សព​គេ​ មក​ទទួល ឬ​ក៏​ទៅ​ជួប​ឯណោះ​អី​ហ្នឹង។ សាក​សព​គេ​ទុក​នៅ​មន្ទីរ​ពេទ្យ​កាន់​ថារៈ​ឡាក់​ហ្នឹង​ឯង ខ្ញុំ​ក៏​បាន​ផ្សព្វ​ផ្សាយ​ទៅ​ហើយ ឲ្យ​ខាង​គ្រួសារ​គេ​ហ្នឹង​មក​ទាក់​ទង ឬ​ក៏​ឲ្យ​ខាង​ភូមិ​ឃុំ ឲ្យ​ដំណឹង​មក​ដើម្បី​ឲ្យ​ខ្ញុំ​បញ្ជូន​ដំណឹង​ហ្នឹង​ទៅ​ខាង​ថៃ ឲ្យ​គេ​យក​មក​ឲ្យ​យើង។ តាម​ដឹង​ថា​មក​ស្នាក់​នៅ​ជិត ១​ឆ្នាំ​ហើយ អ្នក​នៅ​ត្រពាំង​ប្រាសាទ​ហ្នឹង​ឯង មាន​ឪពុក​ធំ ឪ​ពុក​មា​អី​នៅ​ហ្នឹង​ឯង“។
មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​នោះ គឺ​ឈ្មោះ ហួច ហាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៣​នាក់​ផ្សេង​ទៀត ឈ្មោះ ដុក ដាំ អាយុ​៣០​ឆ្នាំ ឈ្មោះ ថន ថាន អាយុ​៣០ឆ្នាំ និង​ឈ្មោះ ហ៊ាន ថា អាយុ​៣៦​ឆ្នាំ ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន។
លោក វណ្ណ កុសល អភិបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​រក​ឃើញ​សាច់​ញាតិ​របស់​សាក​សព​ខ្មែរ​នោះ​ហើយ ព្រម​ទាំង​បាន​ប្រាប់​ឲ្យ​ចេញ​ដំណើរ​ទៅ​កាន់​ច្រក​ព្រំដែន ដើម្បី​សុំ​យក​សាក​សព​ពី​ប្រទេស​ថៃ​វិញ ៖ “ពី​ព្រឹក​មិញ​បង​ប្អូន​គេ​ទៅ ​ទទួល​យក​សាក​សព​ពី​ច្រក​ទ្វារ​ព្រំដែន​ហើយ។ ប្រជា​ជន​មក​ពី​តាកែវ​ណោះ មក​លេង​បង​ប្អូន ហើយ​គេ​រកស៊ី​ក៏​ឡើង​ទៅ​ជា​មួយ​គេ អា​បង​ប្អូន​នេះ​អត់​ដឹង​ផង”។
នេះ​ជា​លើក​ទី​២ ហើយ នៅ​ក្នុង​ខែ​មករា​នេះ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ចាប់​ខ្លួន​ដោយ​សារ​នាំ​គ្នា​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង ​ទឹក​ដី​ថៃ។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា កន្លង​ទៅ​ទាហាន​ការពារ​ព្រំដែន​ថៃ​បាន​បាញ់​រះ​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ មួយ​ក្រុម ដែល​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ ជាប់​តំបន់​ប្រលាន​ឫស្សី​នៃ​ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ដែរ បណ្ដាល​ឲ្យ​ប្រជា​ពល​ខ្មែរ​ម្នាក់​បាត់​ខ្លួន និង​៤​នាក់​ផ្សេង​ទៀត​ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន​យក​ទៅ។
មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១០ រហូត​មក​ដល់​ខែ​មករា ឆ្នាំ​២០១១ នេះ តាម​តួ​លេខ​ត្រួសៗ យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន ៨​នាក់​ហើយ​នៅ​ក្រុង​សំរោង នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​ទាហាន​ការ​ពារ​ព្រំដែន​ថៃ​បាញ់​សម្លាប់ និង​៨​នាក់​ផ្សេង​ទៀត ត្រូវ​ទាហាន​ថៃ​ចាប់​ខ្លួន ដោយ​សារ​តែ​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ថៃ​ខុស​ច្បាប់ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ៕

No comments:

Post a Comment