Wednesday, February 23, 2011

សាលាក្ដី​ខ្មែរក្រហម​អនុម័ត​វិសោធនកម្ម​វិធាន​ផ្ទៃក្នុង​ដើម្បី​បញ្ចៀស​ការ​រាំងស្ទះ​ក្នុង​ដំណើរ​ការ​កាត់ទោស

ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ​
ថ្ងៃពុធ, 23 ខែកុម្ភៈ 2011
ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្ដី​​កាត់ទោស​អតីត​មេដឹក​​ខ្មែរ​ក្រហម។​​ (រូបថត៖ AP)
ទិដ្ឋភាព ទូទៅ នៃ សាលាក្ដី កាត់ទោស អតីត មេដឹក ខ្មែរ ក្រហម។ (រូបថត៖ AP)
ភ្នំពេញ៖ បន្ទាប់ពី​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី​៩ ​អស់​រយៈ​ពេល​បីថ្ងៃ​រួចមក ​នៅ​ថ្ងៃពុធ​នេះ ​ក្រុម​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​អនុម័ត​ វិសោធន​កម្ម​វិធាន​ផ្ទៃ​ក្នុង​មួយ​ចំនួន​ ដែល​នឹង​អាច​បញ្ចៀស​ភាព​រាំងស្ទះ​ក្នុង​ដំណើរការ​កាត់ទោស​បាន។
បើ​ទោះ​ជា​ជន​ជាប់ចោទ​មាន​បញ្ហា​ផ្នែក​សុខភាព ​ឬ​ភាពធ្ងន់ធ្ងរ​ដទៃ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​ចូល​រួម​ សវនាការ​ក៏ដោយ ​ក៏​ដំណើរការ​កាត់ទោស​នឹង​នៅតែ​បន្ដ​ទៅ​មុខ​ទៀត​ដដែល។ ​នេះ​គឺ​ជា​បទ​បញ្ញត្តិ​ដែល​ត្រូវ​បាន​ចែង​ក្នុង​វិធាន​ផ្ទៃ​ក្នុង​ដែល​ទើប​ ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ដោយ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី៩​របស់​ក្រុម​ ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរក្រហម។​ កិច្ច​ប្រជុំ​ពេញអង្គ​រយៈ​ពេល​បីថ្ងៃ​បាន​បញ្ចប់​នៅថ្ងៃ​ពុធ​នេះ​​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរក្រហម។
បទ​បញ្ញត្តិ​ថ្មី​ដែល​ត្រូវ​គេ​មើលឃើញ​ថា​ ជា​ការ​ត្រៀម​បញ្ចៀស​ឧបសគ្គ​ក្នុង​ការ​កាត់ក្ដី​អតីត​មេ​ដឹកនាំ​កំពូលៗ​ ខ្មែរក្រហម​ក្នុង​សំណុំ​រឿង​០០២។ ​គេដឹង​ថា ​សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​យក​មក​ជំនុំ​ជម្រះ​ក្នុង​អំឡុង​ខែ​មិថុនា​ ខាងមុខ​ ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ នួន ជា ​ខៀវ ​សំផន​ អៀង សារី​ និង​អៀង ធីរិទ្ធ។
សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ បទ​បញ្ញត្តិ​ ដែល​ត្រូវ​បាន​កែ​សម្រួល​នោះ​ អនុញ្ញាត​ឲ្យ​អង្គ​ជំនុំ​ជម្រះ​បន្ដ​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ដោយ​ អវត្តមាន​ជន​ជាប់ចោទ។ បើ​មិន​ធ្វើ​វិសោធន​កម្ម​ទេ​ អវត្តមាន​របស់​ជន​ជាប់ចោទ​នឹង​ធ្វើ​ឲ្យ​មាន​ការយឺតយ៉ាវ​ខ្លាំង​ដល់​ដំណើរការ ​នីតិវិធី។​ តាម​វិសោធន​កម្មនេះ ​ប្រសិន​បើ​ករណី​អវត្តមាន​បែបនេះ​កើតឡើង​ អង្គ​ជំនុំ​ជម្រះ​អាច​បង្គាប់​ឲ្យ​ជន​ជាប់ចោទ​ចូលរួម​សវនាការ​តាម​រយៈ​ មធ្យោបាយ​សោតទស្សន៍ ​គឺ​មាន​ន័យ​ថា​ តាម​រយៈ​ការ​ភ្ជាប់​ខ្សែ​វីដេអូ​ទៅកាន់​បន្ទប់​ជន​ជាប់​ចោទ។
លោក ឌឹម សុវណ្ណារុំ ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ​ពន្យល់​បន្ថែម​ថា ​បទ​បញ្ញត្តិ​នេះ​នឹង​ត្រូវ​អនុវត្ត​ បើទោះ​ជា​មាន​ការ​យល់ព្រម​ ឬ​មិន​យល់ព្រម​ពី​ជន​ជាប់ចោទ​ក៏ដោយ។
«ចំណុច​ដែល​សំខាន់​ត្រង់​ថា ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី៩​នេះ​បាន​សម្រេច​ថា ​បើ​ទោះបី​ជា​ជន​​ជាប់ចោទ​យល់ព្រម ​ឬ​មិនយល់​ព្រម​យ៉ាងណា​ក៏ដោយ​ ក៏​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងអាច​បន្ដដំ​ណើររបស់​ខ្លួន​ដោយ​គ្មាន​វត្តមាន ​របស់​ជន​ជាប់ចោទ​ ហើយ​បើសិន​ជា​មាន​បញ្ហា​សុខភាព ​ឬ​បញ្ហា​ធ្ងន់​ធ្ងរ​ដទៃទៀត ​ដែល​ធ្វើ​ឲ្យ​ជន​ជាប់ចោទ​មិនអាច​ចូលរួម​បាន ​ក៏​អង្គ​ជំនុំ​ជម្រះ​នៅតែ​បន្ដ​នីតិវិធី»។
លោក អាង ឧត្តម​ សហ​មេធាវី​ការពារក្ដី​ឲ្យ​អៀង សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​ខ្មែរក្រហម​ ​ចាត់ទុក​ថា​ វិសោធន​កម្ម​នេះ​គឺ​ជា​ការ​ចាប់បង្ខំ​ឲ្យ​ជនជាប់​ចោទ​ចូលរួម​សវនាការ។
«គេ​ចង់​បង្ខំ​ឲ្យ​ជន​ជាប់ចោទ​ចូលរួម​ ប្រហែល​ជា​គេដឹង​ថា​ ជន​ជាប់ចោទ​មិនអាច​ចូលរួម​ពេញ​ពេល​វេលា​នៃ​សវនាការ​ទេ»។
លោក សុន អរុណ ​សហ​មេធាវី​ការពារក្ដី​ឲ្យ នួន ជា ​អតីត​បងធំ​ទីពីរ​បន្ទាប់ពី​ប៉ុល ពត​ ​អធិប្បាយ​ថា​ វិធាន​ផ្ទៃ​ក្នុង ​ដែល​ត្រូវបាន​កែប្រែ​នេះ​ នឹង​បង្ក​ជា​បញ្ហា​ដល់​កូនក្ដី​របស់​លោក។
នៅ​ក្នុង​បណ្ដឹង​មួយ​ទៅ​កាន់​​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ ​កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​ ​លោក​មេធាវី​ស សាវ៉ាន ​លោក​មេធាវី​ Jacque Verges ​និង​លោក​មេធាវី​ Phillipe​ Greciano ​បញ្ជាក់​ថា ​​លោក​ខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​ចង់​​មាន​វត្តមាន​ដោយ​ផ្ទាល់​នៅ​ក្នុង​ សវនាការ​កាត់​ទោស​រូប​លោក។
ជាមួយ​គ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃ​ទី១៩ ​ខែ​មករា ​លោក​អៀង ​សារី​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បើក​សវនាការ​​​ត្រឹមតែ​ ពាក់​កណ្ដាល​ថ្ងៃ​ប៉ុណ្ណោះ ​ដោយសារ​មូល​ហេតុ​សុខភាព។​ ក៏​ប៉ុន្ដែ​សហ​ព្រះរាជ​អាជ្ញា​បាន​​ជំទាស់​សំណើរ​នេះ។
សូម​បញ្ជាក់​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រយៈពេល​បីថ្ងៃ​នោះ ​ក្រុម​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​របស់​សាលាក្ដី​ខ្មែរក្រហម​ក៏​បាន​អនុម័ត​ ការ​កែ​សម្រួល​វិធាន​ស្ដីពី​ភាព​អាច​ទទួល​យក​បាន​នៃ​បណ្ដឹង​ដិត​ចិត្ត​ ប្រឆាំង​ចៅក្រម​ណាម្នាក់​ក្នុង​អង្គ​ជំនុំជម្រះ​សាលាដំបូង។ កិច្ច​ប្រជុំ​នេះ​ក៏​បាន​បង្កើត​បទ​បញ្ញត្តិ​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បំបែក​ដំណើរការ​ក្ដី ​ឬ​បំបែក​បទ​ចោទ​ប្រកាន់​ជនជាប់​ចោទ​ផង​ដែរ។
សាលាក្ដី​ខ្មែរក្រហម​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ដើម​ខែ​មេសា​ ខាងមុខ​នេះ​ដើម្បី​រៀបចំ​នីតិវិធី​បើក​សវនាការ​សម្រាប់​ជន​ជាប់ចោទ​អៀង សារី ​ខៀវ សំផន​ អៀង ធារិទ្ធ ​និង​នួន ជា​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការស្លាប់​បាត់បង់​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ ដល់ ​ឆ្នាំ១៩៧៩៕

No comments:

Post a Comment