Thursday, February 24, 2011

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ផែនការ​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ


ដោយ ខែ សុណង
2011-02-24
​វិទ្យុ​អាស៊ីសេរី
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ក្រសួង​ការងារ បាន​រិះរក​វិធានការ​ឆ្ពោះ​ទៅ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ នៅ​កម្ពុជា។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វង សូត នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ផែនការ​និរន្តរភាព​ឆ្ពោះ​ទៅ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​កម្ពុជា នា​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១។ (RFA/Khe Sonorng)
រដ្ឋមន្ត្រី ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក វង សូត នៅ ក្នុង សន្និសីទ ថ្នាក់ ជាតិ ស្ដីពី ផែនការ និរន្តរភាព ឆ្ពោះ ទៅ លុប បំបាត់ ទម្រង់ ធ្ងន់ធ្ងរ នៃ ពលកម្ម កុមារ នៅ កម្ពុជា នា សណ្ឋាគារ ភ្នំពេញ រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ២៤ កុម្ភៈ ឆ្នាំ ២០១១។ (RFA/Khe Sonorng)
មន្ត្រី​អង្គការ​អន្តរជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​បំពាន​លើ​កុមារ បាន​អះអាង​ថា បច្ចុប្បន្ន​នៅ​តែ​មាន​កុមារ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ការងារ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ប្រកប​ដោយ​គ្រោះថ្នាក់​ដដែល។
ការ​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​មួយ ស្ដីពី​ផែនការ​និរន្តរភាព​ឆ្ពោះ​ទៅ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​ កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ កុម្ភៈ ឆ្នាំ​២០១១។
អនុ​ប្រធាន​អង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ប្រចាំ​សហរដ្ឋ​អាមេរិក លោកស្រី ខារ៉ូល អូវលីន (Carol Olaughlin) បាន​ថ្លែង​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​យ៉ាងណា​សុំ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោយ​បើក​ ចំហ និង​ស្មោះត្រង់ ដើម្បី​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង និង​ស្វែង​រក​គំនិត​ថ្មីៗ ថា​តើ​ធ្វើ​យ៉ាង​ណា​ធានា​និរន្តរភាព​ដើម្បី​ការពារ​កុមារ​ឲ្យ​ជៀស​ផុត​ពី​ ពលកម្ម ហើយ​រៀបចំ​គោលនយោបាយ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​អប់រំ ក្រសួង​ការងារ​ជាដើម។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វង សូត មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​បាន​បញ្ឈប់​កុមារ​ពី​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ប្រមាណ​ ជាង ៣​ម៉ឺន​នាក់ និង​ជួយ​គ្រួសារ​ពលករ​កុមារ​ក្រីក្រ​ប្រមាណ ៤​ពាន់​គ្រួសារ ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​ការ​អប់រំ និង​ទទួល​បាន​មុខ​ជំនាញ​វិជ្ជាជីវៈ។
លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ការ​លុបបំបាត់​ពលកម្ម​កុមារ គឺ​ជា​កិច្ចការ​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ចំណោម​កិច្ចការ​ ចាំបាច់​ជា​ច្រើន​ទៀត ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​ថ្កុំថ្កើង និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច​សង្គម»។
លេខា​ទី​១​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ដេវីឌ រីឆែលសុហ្វ (David Richelsoph) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សូម​ស្វាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លុប​បំបាត់​ទម្រង់​ពលកម្ម​កុមារ​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៦។ លោក​បាន​បន្ត​ថា កុមារ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​សុំទាន រើស​អេតចាយ ធ្វើ​កម្មករ​ឡ​ឥដ្ឋ បម្រើ​តាម​ផ្ទះ និង​ការងារ​ផ្សេង​ទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ដែល​នាំ​ឲ្យ​ពួកគេ​បាត់បង់​នូវ​ សុខុមាលភាព​របស់​ខ្លួន​មិន​បាន​ចូល​រៀន រួម​ទាំង​ជំនាញ​ដែល​កុមារ​ត្រូវ​ការ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមារ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។
ជាក់ស្ដែង​កុមារា ហេង ហ៊ុនគា អាយុ ១៦​ឆ្នាំ ជា​កុមារ​កំព្រា​ឪពុក រស់​នៅ​ភូមិ​ទី​១ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​គេ​យក​មក​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា រូប​គេ​ទើប​ចូល​រៀន​វិញ​បាន​ចំនួន ២​ខែ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​អន្តរជាតិ នៅ​ខេត្ត​ពោធិ៍សាត់។
កុមារា​រូប​នេះ​បាន​រំឭក​ពី​មូលហេតុ​ដែល​គេ​បាន​បោះបង់​ការ​សិក្សា​កន្លង​មក ៖ «ជីដូន ​ឈឺ​អត់​មាន​លុយ ហើយ​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ ទៅ​នេសាទ​១​ខែ​១០​ម៉ឺន (រៀល) ក្នុង​ផ្ទះ​អត់​មាន​លុយ យក​ពេល​ហ្នឹង​ទៅ​ធ្វើ​ការងារ ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ។ ម៉ាក់​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ​ដើម្បី​យក​លុយ​មក​ទប់​ដើម្បី​ទិញ​ម្ហូប គ្រួសារ​ខ្ញុំ​លំបាក មាន​ទុក្ខ ចិត្ត​ខ្ញុំ​អត់​ស្ងប់​ទេ​ពេល​ទៅ​រៀន​ទៅ​សូត្រ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​បោះបង់​ការ​សិក្សា»។
ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ថវិកា​ប្រមាណ ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ក្នុង​គោលដៅ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​នៅ​ កម្ពុជា៕

No comments:

Post a Comment