លីប៊ី -
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 22 កុម្ភៈ 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អង្គារ 22 កុម្ភៈ 2011
បុរសខ្លាំងនៃរបបផ្តាច់ការលីប៊ី Mouammar Kadhafi
© REUTERS / Desrus Benedicte
គ្មានឡើយព័ត៌មានពិតប្រាកដ ស្តីពីចំនួនអ្នកដែលបានស្លាប់ ក្រោមគ្រាប់កាំភ្លើងរបស់កងទ័ព នៅប្រទេសលីប៊ី។ មានស្លាប់យ៉ាងតិច២៣៣នាក់ នេះបើយោងទៅតាម Human Rights Watch។ ចំនួនអ្នកស្លាប់អាចកើនទៅដល់៣០០ ឬ ៤០០នាក់ នេះបើយោងទៅតាមសហព័ន្ធរួមអន្តរជាតិការពារសិទ្ធិមនុស្ស។ កាលពីថ្ងៃចន្ទទី២១កុម្ភៈម្សិលមិញ ជាលើកទីមួយបង្អស់តាំងពីមានបាតុកម្មប្រឆាំងកើតឡើង បុរសខ្លាំងនៃរបបលីប៊ីដែលបានកាន់អំណាច៤២ឆ្នាំកន្លងមកហើយ បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាតិ។
នៅថ្ងៃអង្គារទី២២កុម្ភៈនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចសម្ពន្ធអារ៉ាប់ដែរ ត្រូវបើកអង្គប្រជុំដើម្បីជជែកគ្នាអំពីស្ថានភាពនៅប្រទេសលីប៊ី។ មិនតែប៉ុណ្ណោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានប្រាប់ឲ្យដឹងថា លោកបានសំណេះសំណាលតាមទូរស័ព្ទ ជាមួយលោកកាដាហ្វីនិងបានទាមទារឲ្យបុរសខ្លាំងលីប៊ីបញ្ឈប់ជា បន្ទាន់ ការវាយបង្ក្រាបទៅលើហ្វូងបាតុករប្រឆាំង។
យ៉ាងណាក៏ដោយ នាពេលដែលព័ត៌មានស្តីពីការវាយបង្ក្រាបយ៉ាងសាហាវយង់ឃ្នងទៅលើពួក បាតុករបាននិងកំពុងបន្តធ្លាក់មកដល់ ការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិក៏មានលក្ខណៈកាន់តែច្បាស់ ដែរ។ សម្រាប់លោកប្រធានាធិបតីបារាំង ការប្រើកម្លាំងយោធាវាយបង្ក្រាបពួកប្រឆាំងគឺជាទង្វើមួយដែលគេ មិនអាចទទួលយកបាន។ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី និងលោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានទាមទារឲ្យលោកកាដាហ្វី បញ្ឈប់ការបង្ហូរឈាមជាបន្ទាន់ដែរ។
ដូចគ្នាអ៊ីចឹងដែរ បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង២៧ ដែលបានរួមប្រជុំគ្នាកាលពីថ្ងៃចន្ទម្សិលមិញ បានថ្កោលទោសជាសំឡេងតែមួយទៅលើរបបលីប៊ីរបស់លោកកាដាហ្វីដែរ។
ទន្ទឹមនេះ ព័ត៌មានលេចឮឲ្យដឹងថា ពួកបាតុករបានវាយដណ្តើមយកបានទីក្រុងមួយចំនួននិងកំពុងបន្ត ប្រយុទ្ធជាមួយកងទ័ព នៅក្នុងរដ្ឋធានីTripoli តែម្តង។ រីឯក្រុមហ៊ុនបរទេសវិញបានផ្តើមជម្លៀសបុគ្គលិកការងាររបស់ពួកគេ ចេញពីប្រទេសលីប៊ី។ សហរដ្ឋអាមេរិកបានបញ្ជា ឲ្យក្រុមអ្នកការទូតរបស់ខ្លួនចាកចេញបណ្តើរៗពីប្រទេសលីប៊ី។ ដូចគ្នាអ៊ីចឹងដែរ បណ្តាប្រទេសអឺរ៉ុបមួយចំនួនរួមទាំងប្រទេសរុស្ស៊ីផង ក៏បាននិងកំពុងរៀបចំជម្លៀសជនជាតិរបស់ខ្លួនដែរ៕




No comments:
Post a Comment