Sunday, February 27, 2011

សហគមន៍​អន្តរជាតិ​រួមគ្នា​ដាក់​ទណ្ឌកម្ម​លើ​របប​កាដាហ្វ៊ី

លីប៊ី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 27 កុម្ភៈ 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 27 កុម្ភៈ 2011


ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ឯកច្ឆន្ទ​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​របប​លោក​កាដាហ្វ៊ី
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​ឯកច្ឆន្ទ​សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​របប​លោក​កាដាហ្វ៊ី
REUTERS/ Joshua Lott
ដោយ ឈាង បុប្ផា
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ដែល​បាន​ជួបប្រជុំ​ជា​បន្ទាន់ នៅទីក្រុង​ញូយ៉ក បាន​សម្រេច​ជាឯកច្ឆន្ទ នៅយប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ដាក់​ទណ្ឌកម្ម​លើ​របប​លោក​កាដាហ្វ៊ី បុរស​ខ្លាំង​របស់​លីប៊ី។ ទណ្ឌកម្ម​ទាំងនោះ​មាន​ដូចជា ការហាមឃាត់​ការលក់​អាវុធ​គ្រប់ប្រភេទ​ទៅ​ឲ្យលីប៊ី (Embargo) ការផ្អាប់​ទ្រព្យសម្បត្តិ និង​ការប្តឹង​លោក​កាដាហ្វ៊ី ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

បទ​អន្តរាគមន៍​របស់​ឈាង បុប្ផា
 
27/02/2011
by ឈាង បុប្ផា
 
 

សេចក្តីសម្រេចចិត្ត ​លើកនេះ មិន​ត្រឹម​តែ​អនុម័ត​ចេញរួច​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ធ្វើ​ឡើង​ដោយ​សំឡេង​ឯកច្ឆន្ទ ដែល​កម្រ​នឹង​មាន​នៅ​ក្នុង​ប្រវត្តិបោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ។ សូម្បី​តែ​ប្រទេស​ចិន ដែល​ពីដំបូងធ្លាប់​តែ​រារែក​ជាមួយ​រុស្ស៊ី និង​ឥណ្ឌា ចង់ធ្វើ​វេតូ ដោយ​សំអាង​ថា បញ្ហា​កំពុង​កើតមាន​នៅ​លីប៊ី ជា​រឿង​ផ្ទៃក្នុង ក៏​បាន​សម្រេច​បោះឆ្នោត នៅពេល​នេះ ជាមួយ​គេ​ឯងដែរ។ តំណាង​ទាំង ១៥ ប្រទេស សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​បាន​ប្រជុំ​ពិភាក្សា​គ្នា​យ៉ាងតឹងតែង អស់ ១១​ម៉ោង។ រហូត​ដល់​យប់​ថ្ងៃសៅរ៍ ទើប​គេ​ឃើញ ទាំងអស់​គ្នា ដោយ​មាន​ទាំង​លោក​បាន គីមូន អគ្គលេខាអង្គការ​សហប្រជាជាតិ បាន​លើកដៃ​ស្រុះគ្នា បោះឆ្នោត សេចក្តី​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​កាដាហ្វ៊ី។

មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សមាជិក​ទាំង១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ សម្រេចចិត្ត​ស្រុះគ្នា​បែបនេះ គឺទីមួយ ប្រហែល​ជា​មកពីគេ​រំជួល​ចិត្ត​នឹង​ការថ្លែង​របស់​ឯកអគ្គរដ្ឋទូត​តំណាង​លីប៊ី ​ កាល ពី​ថ្ងៃ​សុក្រ ទី ២៥ កុម្ភៈ។ ឯកអគ្គរដ្ឋទូត​ដែល​ធ្លាប់​តែ​ស្និទ្ធ​នឹង​លោក​កាដាហ្វ៊ី ក៏​លែង​គាំទ្រ​លោក​កាដាហ្វ៊ី និង​បាន​ទទូច​អំពាវនាវ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជួយ​អន្តរាគម ​ ទប់ស្កាត់​កុំ​ឲ្យ​លោក​កាដាហ្វ៊ី​សម្លាប់​មនុស្ស​ស្លូតត្រង់ ​តទៅទៀត។

ការថ្លែង​របស់​លោក​បាន គីមូន និង​របស់​ឯកអគ្គរដ្ឋទូត​លីប៊ី រឹត​តែ​បាន​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​សកម្មភាព​សម្លាប់​មនុស្ស​ដ៏​ឃោរឃៅ របស់​លោកកាដាហ្វ៊ី។ យើង​គ្រប់គ្នា​សុទ្ធ​តែ​បាន​ឃើញច្បាស់​ពី​មហិច្ឆតា​ក្រាញ​​អំណាច​របស់​លោក​ កាដាហ្វ៊ី។ លោក​កាដាហ្វ៊ី​ដែល​បាន​ស្រែក កាលពី​ថ្ងៃ​សុក្រ ទី ២៥កុម្ភៈ ឲ្យ​យុវជន​ដែល​ស្រលាញ់​គាត់​នាំ​គ្នា​កាន់​អាវុធ​សម្លាប់​អ្នក​ដែល​ប្រឆាំង​ ។ ហើយ​បើចាំបាច់ លោក​នឹង​បញ្ជា​ឲ្យ​បើក​ឃ្លាំង​អាវុធ ដើម្បី​ឲ្យ​អ្នកគាំទ្រ​លោក​ទាំងអស់​មាន​អាវុធ​កាន់នៅក្នុង​ដៃ។ លោក​កាដាហ្វ៊ី​នៅ​បាន​ស្រែក​គំរាម​ថា លោក​នឹង​ចាប់បោស​សម្អាត​អ្នកប្រឆាំង ពី​ផ្ទះមួយ ទៅ​ផ្ទះមួយ។


ទីក្រុង​ទ្រីប៉ូលី​ដែល​ជា​ទីតាំង​ចុងក្រោយ​របស់​កាដាហ្វ៊ី ក្លាយ​ជា​ស្ងាត់​ជ្រងំ និង​យាមតឹងតែង​ពី​ទាហាន​ស្មោះស្ម័គ្រ​លោក​កាដាហ្វ៊ី
REUTERS/Ahmed Jadallah
មាន ​សាក្សី​ជា​ច្រើន​ដែល​អាច​បញ្ជាក់​ពី​ចរិត​ឃោរឃៅ​របស់​លោកកាដាហ្វ៊ី ជាពិសេស ភស្តុតាង គ្រាប់បែក ដែល​លោក​កាដាហ្វ៊ី​បាន​បញ្ជា​ឲ្យ​គេ​យក​ទៅ​ទម្លាក់​សម្លាប់​ក្រុមប្រឆាំង​ នៅ​ភាគខាងកើត។

សំដី​គំរាម​សម្លាប់​ប្រជាជន​ឯង​ដោយ​ឈាម​ត្រជាក់​បែបនេះ  ពិត​ជា​មិន​អាច​ឲ្យ​គេ​សុខចិត្ត​ឈរ​ឱបដៃ​មើលបាន​ឡើយ។ ហើយ​បើតាម​មើលទៅ ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្រេចរួម​គ្នា ដូច្នេះ មក​ពី​បាន​មើល​ឃើញ​ច្រកចេញ​ខ្លះៗដែរ នោះគឺ សហព័ន្ធ​អារ៉ាប់ បាន​ព្យួរ​បេក្ខភាព​របស់​លីប៊ី ចំណែក​សហព័ន្ធ​អាហ្វ្រិក​ដែល​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​ចាស់ បាន​រិះគន់ និង​យល់ព្រម​ចូលរួម​ដាក់​គំនាប​លើ​របប​លោក​កាដាហ្វ៊ី។

ទណ្ឌកម្ម​លើកនេះ បើទោះបី​ជា​មិន​អាច​​ធ្វើ​ឲ្យ​មេផ្តាច់ការ​កាដាហ្វ៊ី បញ្ឈប់​ការសម្លាប់​ប្រជាជន​ឯងភ្លាមៗ ក៏ពិតមែន ប៉ុន្តែ យ៉ាងហោច វា​ជួយ​លើកទឹកចិត្ត​ប្រជាជន​លីប៊ី ដោយគេ​ដឹង​ថា ពួកគេ​មិន​ត្រូវ​បាន​គេ​បំភ្លេច បោះបង់ចោល​ដែរ។

នៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​ដែល​ខ្លួន​បាន​បោះឆ្នោត​អនុម័ត នោះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្តឹង​ទៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក​កាដាហ្វ៊ី កូនប្រុស​ទាំង៧ កូនស្រី និង​មនុស្ស​១៦​នាក់​ផ្សេងទៀត​ដែលកំពុង​បំរើការ​ឲ្យ​លោក​កាដាហ្វ៊ី។ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ចោទ​ពួកគេ​ពីបទ​បង្ក​សង្រ្គាម​ប្រឆាំង​នឹង​ មនុស្ស​ជាតិ។

គេ​នឹង​មិន​អាច​ចាប់​លោក​កាដាហ្វ៊ី និង​ក្រុម​គ្រួសារ បក្ខពួក​មកកាត់ទោស​បាន​ភ្លាមៗ។ លោក​កាដាហ្វ៊ី​ធ្លាប់​និយាយ​ហើយ​ថា លោក​នឹង​មិនចុះចាញ់ និង​នៅកាន់អំណាច ​រហូត​ដល់​តំណក់​ឈាម​ចុងក្រោយ​របស់​លោក។ ប៉ុន្តែ ការប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ មនុស្ស​ជាតិ​នេះ អាច​ធ្វើ​ឲ្យ​អ្នកដែល​បំរើការ​ឲ្យ​លោក​កាដាហ្វ៊ី​ព្រឺខ្នង​ខ្លះដែរ។

ម្យ៉ាងទៀត ការផ្អាប់​ទ្រព្យសម្បត្តិ របស់​គ្រួសារកាដាហ្វ៊ី នៅ​ក្នុង​ធនាគារ​បរទេស ​ការហាម​ឃាត់​លក់អាវុធ ទៅ​ឲ្យ​ប្រទេស​លីប៊ី និង​ការហាមឃាត់​ការធ្វើ​ដំណើរ​របស់​លោក​កាដាហ្វ៊ី និង​គ្រួសារ រឹត​តែ​ធ្វើ​ឲ្យ​ មធ្យោបាយ និង​ឱកាស​សម្លាប់​មនុស្ស​របស់​លោក​កាដាហ្វ៊ី​រួមថយ ចុះ​ច្រើន។

លោក​អនុប្រធាន​ទូត​លីប៊ី ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​បាន​រិះគន់​ខ្លាំង លោក​កាដាហ្វ៊ី បាន​និយាយ នៅ​ក្រោយ​ការបោះឆ្នោត ថា ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការប្តឹង​ទៅ​តុលាការ​អន្តរជាតិ នឹង​អាច​ជួយ​បញ្ឈប់​របប​ហ្វាស៊ីស្ត របស់​កាដាហ្វ៊ី ដែល​កំពុង​បន្តខ្លាំង នៅ​ទីក្រុង​ទី្រប៉ូលី៕

No comments:

Post a Comment