លីប៊ី -
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 26 កុម្ភៈ 2011 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ សៅរ៍ 26 កុម្ភៈ 2011
ឯកអគ្គរដ្ឋទូតលីប៊ី លោក Mohammed Shalghamចាប់ឱបអនុប្រធានរបស់គាត់ដែលយំរំជួលចិត្ត នៅអង្គការសហប្រជាជាតិ
REUTERS/Brendan McDermid
អគ្គលេខាអង្គការសហប្រជាជាតិ លោកបាន គីមូន បានអំពាវនាវ នៅថ្ងៃសុក្រនេះ ឲ្យក្រុមប្រឹក្សាសន្តិសុខ អនុវត្តចេញសកម្មភាពជាក់ស្តែង និងជាបន្ទាន់ ដើម្បី ទប់ស្កាត់ការសម្លាប់បង្ហូរឈាមដែលបញ្ជាដោយលោកកាដាហ៊្វី នៅលីប៊ី។ នៅក្នុងការថ្លែងទៅកាន់ប្រទេសទាំង ១៥ សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូយ៉ក លោកបាន គីមូនបានព្រមានថា រាល់វិនាទីដែលគេពន្យារពេល មានតម្លៃស្មើចំនួនមនុស្សស្លាប់កាន់តែច្រើន នៅក្រោមកណ្តាប់ដៃរបស់កាដាហ៊្វី។
ឯកអគ្គរដ្ឋទូតលីប៊ី ប្រចាំអង្គការសហប្រជាជាតិបានទទូចសុំឲ្យក្រុមប្រឹក្សាសន្តិសុខចាត់ វិធានការទប់ស្កាត់ការសម្លាប់រង្គាលដែលរៀបចំឡើងដោយលោកកាដាហ៊្វី។ ត្រង់ចំណុចនេះ លោក Abdurrahman Shalghamបាននិយាយរំលឹកថា សកម្មភាពអមនុស្សធម៌កាដាហ៊្វីនៅពេលនេះ គឺដូចអ្វីដែលហ៊ីត្លែរ បានធ្វើ នៅពេលដែលហ៊ីត្លែរមិនបានឲ្យតម្លៃទៅលើជីវិតប្រជាជនអាល្លឺមង់ ដោយសុខចិត្តធ្វើនយោបាយសង្រ្គាមឈ្លានពានលើសហភាពសូវៀត។ លោកឯកអគ្គរដ្ឋទូត លីប៊ីនៅបានប្រៀបធៀបទៀតថា ទង្វើរបស់កាដាហ៊្វីពេលនេះ គឺដូចនឹងសកម្មភាពសម្លាប់រង្គាលលើប្រជាជនឯង របស់ខ្មែរក្រហម ដឹកនាំដោយប៉ុលពត និងរបស់ហ្សូហ្សេព្វ ស្តាលីន។
គឺដោយរំជួលចិត្តនឹងសំដីរបស់ឯកអគ្គរដ្ឋទូតលីប៊ីនេះហើយ ដែលប្រទេសទាំង១៥ សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខត្រូវកោះប្រជុំជាបន្ទាន់ និងត្រូវអនុម័តលើគម្រោងសេចក្តីសម្រេចចិត្តដែលគេបានពិភាក្សានៅ ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិនិយាយថា កាលៈទេសៈនេះសំខាន់ ហើយវាឥទ្ធិពលខ្លាំងទៅលើជំហររបស់ប្រទេសសមាជិកក្រុមប្រឹក្សា សន្តិសុខ។ លោកជឿជាក់ថា សេចក្តីសម្រេចចិត្តនឹងអាចត្រូវអនុម័តចេញរួច នៅចុងសប្តាហ៍នេះ។ សេចក្តីសម្រេចចិត្តដែលស្នើឡើងដោយប្រទេសបារាំង និងអង់គ្លេសមាននិយាយពីការដាក់ទណ្ឌកម្ម និងការចោទប្រកាន់លោកកាដាហ៊្វីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
No comments:
Post a Comment