Thursday, February 24, 2011

ប្រេសិត​ UN​ បង្ហាញ​កង្វល់​ អំពី​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ លី ម៉េងហួរ
ថ្ងៃ ព្រហស្បតិ៍ 24 កុម្ភៈ 2011
RFI
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក សូយ៉ា ស៊ូ​បេឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ។ ក្នុង​ដំណើរ​បេសកកម្ម លើក​ទី​៤ នា​ពេលនេះ លោក ស៊ូ​បេឌី បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ពិនិត្យ​លើ​សមត្ថភាព​របស់​សភា ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​ប្រជាពលរដ្ឋ និង​បទដ្ឋាន​​ប្រជាធិបតេយ្យ។ ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​មុន​នេះ​បន្តិច លោក ស៊ូ​បេឌី បាន​បង្ហាញ​កង្វល់​អំពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន នៅ​កម្ពុជា ពិសេស​សេរីភាព​ក្នុង​ការសំដែង​មតិ និង​សិទ្ធិ​លើ​ដីធ្លី។
លោក ​សូយ៉ា​ ស៊ូបេឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ស្តីពី​ ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​​នាថ្ងៃនេះនៅកម្ពុជា។ (© លី ម៉េងហួរ)
លោក សូយ៉ា ស៊ូបេឌី អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្តីពី ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា បាន បញ្ចប់ ដំណើរ ទស្សនកិច្ច នាថ្ងៃនេះនៅកម្ពុជា។ (© លី ម៉េងហួរ)
អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូយ៉ា ប្រាសាទ ស៊ូ​បេឌី ( Surya P. Subedi ) បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី​១៥​កុម្ភៈ ឆ្នាំ​២០១១ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល ១០ ថ្ងៃ។ បេសកកម្ម​លើក​ទី​៤ ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ផ្តោត​លើ​ស្ថាប័ន​សភា និង​ជា​ការ​បន្ត​ការ​តាម​ដាន​លើ​វិស័យ​តុលាការ ដែល​ជា​ប្រធានបទ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​មុន​របស់​លោក។
ក្នុង​បេសកកម្ម​រយៈពេល ១០ ថ្ងៃ នៅ​កម្ពុជា លោក ស៊ូ​បេឌី បាន​ជួប​សន្ទនា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល សមាជិក​រដ្ឋសភា ព្រឹទ្ធសភា តំណាង​អង្គការ​សង្គម​ស៊ីវិល សមាជិក​សហគមន៍ និង​អ្នកការទូត។
ដោយ​មិន​វាយ​ប្រហារ​រដ្ឋាភិបាល​លើ​ការរំលោភ​សិទ្ធិមនុស្ស ប៉ុន្តែ​លោក ស៊ូ​បេឌី បាន​លើក​ឡើង​ជា​ទូទៅ​ពី​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី​របស់​កម្ពុជា។ ម្យ៉ាងទៀត តាម​លោក ស៊ូ​បេឌី លទ្ធិប្រជាធិបតេយ្យ​មួយ ដែល​ដំណើរការ​ត្រឹមត្រូវ ទាមទារ​ឲ្យ​មាន​មតិ​ប្រឆាំង​ដ៏​មាន​ប្រសិទ្ធិ ភាព។
លោក ស៊ូ​បេឌី បាន​បន្ថែមថា មាន​កិច្ចការ​ជា​ច្រើន ដែល​កម្ពុជា​ត្រូវ​បន្ត​អនុវត្ត ហើយ​លោក​ត្រៀម​ខ្លួន ដើម្បី​ជួយ​ដល់​កម្ពុជា លើ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ។
អ្នក​រាយការណ៍​រូប​នេះ ក៏​បាន​បង្ហាញ​កង្វល់​អំពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន នៅ​កម្ពុជា ជាពិសេស​សេរីភាព​ក្នុង​ការ​សំដែង​មតិ និង​សិទ្ធិ​លើ​ដីធ្លី។
លោក ស៊ូ​បេឌី ក៏​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​មុន​នេះ ដោយ​លើក​ឡើង​នូវ​កង្វល់​អំពី​បរិយាកាស​ដ៏​តូច​ចង្អៀត​នៅ​កម្ពុជា សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ។ ការ​បញ្ចេញ​មតិ ដែល​ត្រូវ​ធ្វើ ដោយ​សន្តិវិធី និង​គ្មាន​ការ​ភ័យ​ខ្លាច រាប់​ទាំង​បុគ្គល​ក្នុង គណបក្ស​នយោបាយ។ លោក ស៊ូ​បេឌី ក៏​បាន​បង្ហាញ​ពី​កង្វល់​ជា​ពិសេស ក្នុង​ការ​ប្រើប្រាស់​បទ​ញុះញង់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា។
យ៉ាងណាក៏ដោយ លោក ស៊ូ​បេឌី បាន​លើក​ឡើង​ពី​សមិទ្ធិផល​ជា​ច្រើន របស់​រដ្ឋាភិបាល ដែល​សម្រេច​បាន ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស ចាប់តាំង​ពី​ឆ្នាំ​១៩៩៣។
សរុប​សេចក្តី​មក លោក ស៊ូ​បេឌី អះអាង​ថា ក្នុង​បេសកកម្ម​របស់​លោក លើក​ទី​៤ នៅ​កម្ពុជា ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ លោក​ទទួល​បាន​កំរិត​កិច្ចសហការ​មួយ​ល្អ​ពី​រដ្ឋាភិបាល។ រាល់​កិច្ច​សន្ទនា​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត ធ្វើ​ឡើង​ដោយ​បើក​ចំហរ មិន​មាន​ការ​លាក់លៀម និង​ស្និទ្ធស្នាល​។ រដ្ឋាភិបាល ក៏​បាន​ឯកភាព​ជាមួយ​លោក បន្ត​កិច្ចសហប្រតិបត្តិការ​ត​ទៅទៀត៕

No comments:

Post a Comment