Monday, February 21, 2011

លោកជំទាវ ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​៖ តួនាទី​​ឥស្សរ​ជន​ឆ្នើ​​ម​ថ្នាក់​ជាតិ​របស់ អ.ស.ប ជាកិត្តិយស​​ប្រជាជន​​ និង​ប្រទេស​ជាតិ​​​ទាំងមូល


ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១១
Koh Santepheap Daily
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១១ អង្គ​ការ​សហ​ប្រជា​ជាតិ ប្រកាស​ទទួល​ស្គាល់​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ជា «ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែន​ការ​សកម្ម​ភាព​រួម​អគ្គ​លេខា​ធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ» នៅ​កម្ពុជា។ នៅ​ក្នុង​អង្គ​ពិធី​នាវិមាន​សន្តិ​ភាព​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ជាង​៨០០​នាក់ លោក​ស្រី ណូប៊ូកូ ហូរិបេ តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​ប្រគល់​ជូន​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​នូវ​លិខិត​បញ្ជាក់​ការ​ទទួល​ ស្គាល់​លោក​ជំទាវ​បណ្ឌិត​ប្រធាន ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែន​ការ​សកម្ម​ភាព​រួម​អគ្គ​លេខា​ធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​សុខ​ភាព ស្ត្រី និង​កុមារ។ ផែន​ការ​សកម្ម​ភាព​រួម​ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ​នេះ គឺ​ជាគំនិត​ផ្តួច​ផ្តើម​របស់លោក​បាន គីមូន អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ។
លោក​ស្រី ណូប៊ូកូ ហូរិបេ ដែល​ជា​នាយិកា​មូល​និធិ​សហ​ប្រជា​ជាតិ​ដើម្បី​ប្រជា​ជន (UNFPA) ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​ការិយា​ល័យ​នៅ​ទីក្រុង​បាង​កក បាន​ថ្លែង​ថា «នៅ​ពេល​ដែល​លោក​ជំទាវ​មាន​ប្រសាសន៍​អំពី​សារ​ប្រយោជន៍​នៃ​ការ​ទៅ​មណ្ឌល​សុខ ​ភាព ដើម្បី​ពិនិត្យ​ផ្ទៃ​ពោះ​មុន​ពេល​សំរាល ដើម្បី​សំរាល និង​ពិនិត្យ​ក្រោយពេល​សំរាល​ អំពី​ការ​ពន្យារ​កំណើត​ដែល​ត្រឹម​ត្រូវ អំពី​ការ​កែ​លំអ​អាហា​រូបត្ថម្ភ និង​ស្តីពី​ការ​ត្រូវ​មាន​អនា​ម័យ ការ​យល់​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​ក្នុង​ពេល​ព​ពោះ និង​ការ​ជួយ​សំរាល​ពី​ឆ្មប​ដែល​មាន​ជំនាញ​សម្ភព​នោះ​ប្រជា​ពល​រដ្ឋ​ពិត​ជា​ នាំ​គ្នា​​ស្តាប់​លោក​ជំទាវ​​មិន​ខាន​ឡើយ។ នៅ​ពេល​ដែល​លោក​ជំទាវ​មាន​ប្រសាសន៍​ថា មិន​ត្រូវ​ឱ្យ​ស្ត្រី​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ការ​ផ្តល់​កំណើត​ថ្មី​មួយ​ ទៀត​ឡើយ ហើយ​ចាំ​បាច់​យើង​ត្រូវ​តែ​ផ្តល់​អាទិ​ភាព​ទៅ​លើ​សុខ​ភាព​ស្ត្រី នោះ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​អភិ​វឌ្ឍ​ ប្រទេស​កម្ពុជា ពិត​ជា​នឹង​ស្តាប់​ប្រសាសន៍​នេះ​ជា​មិន​ខាន​ឡើយ»។
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
លិខិត​ចំនួន​៣ ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​តួនាទី​ថ្មី​នៃ​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ហើយ​ដែល​លោក​ស្រី ណូប៊ូកូ ហូរិបេ បាន​ប្រគល់​ជូន​លោក​ជំទាវ​បណ្ឌិត​ប្រធាន ក្នុង​នោះ​មាន​លិខិត​របស់​ក្រុម​ការ​ងារ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ​លិខិត​របស់​នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​នៃ​មូល​និធិ​សហ​ប្រជា​ ជាតិ​សំរាប់​កុមារ (UNICEF) ប្រចាំ​នៅ​បាង​កក និង​លិខិត​នាយក​ប្រតិ​បត្តិ​នៃ​កម្ម​វិធី​រួម​អង្គ​ការ​សហ​ប្រជា​ជាតិ​ ស្តីពី​មេរោគ​អេដស៍ ជំងឺ​អេដស៍ (UNAIDS) ប្រចាំ​នៅទីក្រុង​ហ្សឺ​ណែវ។
ក្នុង​ការ​ទទួល​យក​តួនាទី​ថ្មី​មួយ​ទៀត​នេះ លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​ថា «តួនាទី​​ថ្មី​នេះ គឺ​ពិត​ជា​កិត្តិ​យស​ពុំ​មែន​សំរាប់​រូប​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កិត្តិ​យស​សំរាប់​ប្រជា​ជន និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទាំង​មូល​ផង​ដែរ។ កិត្តិ​យស​ដែល​ពោរ​ពេញ​ដោយ​មោទន​ភាព​នេះ ក៏​បាន​បំភ្លឺ​ប្រាប់​ខ្ញុំ​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​កាតព្វ​កិច្ច​ចម្បង ​ៗ​នៅ​ចំពោះ​មុខ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ ជា​ពិសេស​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​តែ​ប្រឈម​មុខ​នឹង​ បញ្ហា​នៃ​ការ​លើក​កំពស់​សុខ​ភាព​​មាតា និង​កុមារ​នេះ»។
(​រូបថត អ៊ុយ​សុង​)
( រូបថត អ៊ុយ សុង )
លោក​ជំទាវ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ថា «បញ្ហា​ប្រឈម​នៅ​កម្ពុជា​ខាង​ផ្នែក​សុខ​ភាព​ស្ត្រី​ និង​កុមារ​ ជា​រួម​មាន គ្រូ​ពេទ្យ​ឆ្មប​មាន​ចំនួន​តិច មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តំរូវ​ការ​ចាំ​បាច់ ហើយ​ថវិកា និង​សំភារ​បរិ​ក្ខារ​ពេទ្យ​ក៏​នៅ​មាន​កំរិត​​នៅ​ឡើយ។ ការ​ផ្សព្វ​ផ្សាយ​សេវា​សុខ​ភាព​ក៏​នៅ​មាន​កំរិត ពុំ​ទាន់​បាន​ស៊ី​ជំរៅ និង​ពុំ​ទាន់​បាន​ជ្រួត​ជ្រាប​ដល់​គ្រប់​ស្រទាប់»។ លោក​ជំទាវ​បណ្ឌិត​បាន​កត់​សំគាល់​ឃើញ​ថា ប្រជា​ជន​នៅ​តាម​ជន​បទ​ខ្វះ​មធ្យោ​បាយ​ធ្វើ​ដំណើរ ដោយ​សារ​ជីវ​ភាព និង​ស្ថាន​ភាព​ផ្លូវ​គមនា​គមន៍​ឆ្ងាយ ឬ​ផ្លូវ​លំបាក ហើយ​ការ​យល់​ដឹង និង​ការ​ទទួល​យក​របស់​ស្ត្រី អំពី​សុខ​ភាព​បន្ត​ពូជ​នៅ​មាន​កំរិត​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ជំរុញ​លើក​ទឹក ​ចិត្ត និង​គាំទ្រ​បន្ថែម​ទៀត​ពី​ក្រុម​គ្រួសារ និង​សហ​គមន៍។
នៅ​ក្នុង​ពិធី​ដែល​មាន​លោក​សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ជា​​អធិ​បតី​ក៏​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ថា រាជ​រដ្ឋា​ភិបាល​បាន​សំរេច​កំណត់​យក​ថ្ងៃ​ទី​២១ កុម្ភៈ រៀង​រាល់​ឆ្នាំ​ជា​ទិវា​ជាតិ​ដើម្បី​សុខ​ភាព​មាតា ទារក និង​កុមារ។ អនុ​ក្រឹត្យ​ស្តីពី​ការ​កំណត់​ទិវា​សុខ​ភាព​មាតា ទារក និង​កុមារ​នេះ​ត្រូវ​បាន​លើក​ស្នើ​សុំ​ឡើង​ដោយ​លោក​ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល និង​បាន​ចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០១០ ថ្មី​ៗ​នេះ។
លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​​បន្ត​ថា «អនុ​ក្រឹត្យ​ស្តីពី​ទិវា​ជាតិ​សុខ​ភាព​មាតា ទារក និង​កុមារ​នេះ ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​ខិតខំ​ដើម្បី​សំរេច​គោល​ដៅ​អភិ​វឌ្ឍន៍​សហស្ស​វត្សរ៍។ ជា​មួយ​គ្នា​នេះ​ ខ្ញុំ​សូម​សំដែង​នូវ​ឆន្ទៈ​ខ្ពស់​ក្នុង​​ការ​បន្ត​រួម​ចំណែក​ការងារ​លើក​ កំពស់​សុខ​ភាព​ស្ត្រី កុមារ និង​ទារក នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​នៅ​ពេល​កំពុង​សម្រាល​កូន​ និង​​ក្រោយ​ពេល​សម្រាល​»។​
ពាក់​ព័ន្ធ​ទៅ​នឹង​​ភារកិច្ច​ខាង​លើ​នេះ​ លោក​ជំទាវ​បណ្ឌិត​​ប្រធាន​កាក​បាទ​ក្រហ​ម​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​ផ្តោត​ ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​លើ​ការ​អប់រំ​សុខ​ភាព និង​អនា​ម័យ​ដោយ​មាន​ខ្លឹម​សារ​ថា គ្រប់​តួ​អង្គ​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្តល់​សេវា​សុខ​ភាព​ត្រូវ​បន្ត​ធ្វើ​ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខា​ភិ​បាល​ និង​ការ​ថែ​ទាំ​​សុខ​ភាព​ ព្រម​ទាំង​​សេវា​បម្រើ​សុខ​ភាព​មាតា និង​ទារក​ សុខ​ភាព​បន្ត​ពូជ​ និង​សិទ្ធិ​បន្ត​ពូជ និង​ការ​អនុវត្ត​ផែន​ការ​គ្រួសារ​ដោយ​ស្ម័គ្រ​ចិត្ត​តាម​រយៈ​ការ​លើក​ទឹក​ ចិត្ត​ជំរុញ​ និង​គាំ ទ្រ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ឱ្យ​ទៅ​សម្រាល​កូន​នៅមន្ទីរ​ពេទ្យ ​ មន្ទីរ​ពេទ្យ​បង្អែក​ ឬ​មណ្ឌល​សុខ​ភាព​ជំរុញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឱ្យ​​ទទួល​ការ​ពិនិត្យ​សុខ​ភាព​ ។ ទន្ទឹម​នឹង​នេះ​ត្រូវ​បន្ត​ពង្រឹង​ និង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​សីុ​ជម្រៅ​ថែម​ទៀត​ដល់​ការ​បណ្តុះ​បណ្តាល​​ ជំនាញ​ពេទ្យ​ឆ្មប​ និង​លើក​កំពស់​សីល​ធម៌​ល្អ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​សម្ភព​ និង​ការ​ថែ​ទាំ​ទារក។
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន បាន​ថ្លែង​ថា ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​ឧត្តុង្គ​​ឧត្តម​​របស់​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ា​នី ហ៊ុន​ សែន ពិត​ជា​កត្តា​សំខាន់​បំផុត​ជួយ​ធ្វើ​ឱ្យ​កាក​បាទ​ក្រហម​កម្ពុជា​បន្ត​ និរន្តរ​ភាព​​​ក្នុង​សកម្ម​ភាព​ម​នុស្ស​ធម៌​។ ការ​ទទួលស្គាល់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ពិត​ជា​នឹង​ជួយ​លើក​កម្ពស់​ តួនាទី​ដ៏​សំខាន់​ថែម​ទៀត​របស់​កាក​បាទ​ក្រហ​ម​កម្ពុជា​ក្នុង​ការ​ងារ​ មនុស្ស​ធម៌​តាម​រយៈ​ការ​កៀរ​គរ​ការ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ និង​ការ​ចូល​រួម​កាន់​តែ​ទូលំ​ទូលាយ​ពី​សា​ធារណ​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។
នៅក្នុង​ចំណាប់​អារម្មណ៍​​របស់​លោក​ប៉ែន បញ្ញា​ តំណាងរាស្ត្រ​​​សមាជិក​គណៈកម្មា​ធិការ​​​​អចិន្ត្រៃយ៍​រដ្ឋសភា​ អនុប្រធាន​ប្រចាំការ សមាគម​សមាជិក​សភាកម្ពុជា ដើម្បី​ប្រជារាស្ត្រ​ និង​ការ​អភិវឌ្ឍ (សសសកប្រអ)​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរឡើង​នូវ​ សុខភាព​មាតា ។ លោក​បាន​ថ្លែង​ជម្រាបជូន​អង្គពិធី​ថា «​ស្ត្រី​បាន​ផ្តល់​នូវអ្វីៗ​ច្រើនណាស់ ដើម្បី​​អត្ថភាព​នៃជីវិត​រស់​នៅ​លើភពផែន​ដីនេះ ដែល​មិន​គួរ​ទទួល​មរណភាព ព្រោះ​តែផ្តល់​កំណើត​ដល់​ពន្លក​ដ៏ត្រកាល​នៃជីវិត​ថ្មី ចំណង​ដៃដ៏ពិសិដ្ឋ​នៃ​សេចក្តី​​ស្រឡាញ់​រវាង​បុរស​និង​ស្ត្រីឡើយ»។​
លោក​បាន​ថ្លែង​កត់​សំគាល់​ថា ដោយ​មាន​លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន ជាប្រធាន សសសកប្រអ​ បានផ្តល់​អនុសាសន៍​ និង​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត សមាជិក​ព្រឹទ្ធសភា​ រដ្ឋ​សភា ៦៨រូប បាន​មូលមតិគ្នា​​សំណូមពរ​យ៉ាង​ទទូច​សុំ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ ​ធ្វើ​ជា​មគ្គុ​ទ្ទេសក៍​​​នៃចលនា​​លើក​កម្ពស់​​សុខភាព​​របស់​មាតា​ និង​កុមារ​នៅកម្ពុជា។​​​ លោក​​​​បាន​ថ្លែង​ថា ជា​សមាជិក​​សភា​បុរស​យើង​ត្រូវតែ​បញ្ចេញ​​ថាម​ភាព​កាន់​តែ​ខ្លាំង​ក្លា​​ឡើង សំដៅ​​រួម​ចំណែក​ជម្រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​​​ពិត​ប្រាកដ​នូវ​ស្ថាន​ភាព​ ​សុខភាព​​ អនាម័យ អាហារូបត្ថម្ភ​​ ហើយ​ត្រូវ​​ធ្វើ​យ៉ាងណា​ឱ្យ​អត្រា​មរណភាព​របស់​មាតា​ ទារក និង​កុមារ​ ត្រូវ​បាន​កាត់​បន្ថយ​​ពិត​ប្រាកដ។ ​ក្រោម​ការ​ដឹកនាំ​ដ៏សកម្ម​​ និង​ឈ្លាស​វៃ​របស់​លោក​​​ជំទាវ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សមាគម​សមាជិក​សភាកម្ពុជា​ដើម្បី​​ប្រជារាស្ត្រ​​​និង​ការ​អភិវឌ្ឍ​កម្មវិធី​ កាត់​បន្ថយ​អត្រា​​មរណភាព​​​របស់​មាតា និង​ទារក និងកុមារ​​នឹង​ទទួល​ជោគ​ជ័យ​ ហើយ​ពិត​ជា​អាច​ឈាន​ដល់​កំរិត​ដែល​បាន​គ្រោងទុក​ក្នុងប៉ុន្មាន​ឆ្នាំ​ខាង​ មុខ។​
នៅ​ក្នុង​​អង្គ​ពិធី​នេះ​ដែរ លោក​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ថា រដ្ឋា​ភិបាល​បាន​​ប្តេជ្ញា​កាត់​បន្ថយ​អត្រា​មរណៈ​របស់​មាតា​ឱ្យ​ចុះ​មក​ នៅត្រឹម​​២៥០​លើកំណើត​១០០.០០០​ រស់​នៅ​ឆ្នាំ​២០១៥។ ​រាជរដ្ឋាភិបាល​និង​បង្កើន​អត្រា​​ស្ត្រី​ ដែល​សម្រាល​កូន​ដោយ​ឆ្មប​ជំនាញ នៅមូល​ដ្ឋាន​សុខាភិបាល​​ឱ្យ​បាន​៨០% ។ រាជរដ្ឋា​ភិបាល​ ក៏​មាន​ផែន​ការ​​នឹង​បង្កើន​អត្រា​ស្ត្រី ដែលទទួល​ការ​ពិគ្រោះ​មុន​សម្រាល​យ៉ាង​​តិច​២​ដង​ឱ្យ​បាន​ដល់​៩០% ហើយ​នឹង​បង្កើន​អត្រា​ស្ត្រី និងទារក​​​ទើប​កើត​ឱ្យ​ទទួល​បាន​សេវា​ពិនិត្យ​ ក្រោយ​​​សម្រាល​ និងទទួល​ការពិគ្រោះ​ក្រោយ​សម្រាល​យ៉ាង​តិច​២​ដង ឱ្យ​បាន​លើស​៥០% ។​
ចូលរួម​ក្នុង​ពិធី​ប្រកាស​​គោរម​ងារ​ជូន​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ជាឥស្សរ​ជន​ឆ្នើម​​ថ្នាក់​ជាតិ ដើម្បី​សុខភាព​ស្ត្រី​​ និងកុមារ​នេះ មាន​សមាជិក​សភា មន្ត្រី​រាជ​ការ​​ក្រសួង​​ពាក់​ព័ន្ធ អភិបាល​ខេត្ត អភិបាល​រងខេត្ត និងប្រតិភូ​​ តំណាង​ថ្នាក់​ជាតិ​-តំបន់​ នៃ​អង្គការ​​សុខភាព​ពិភព​លោក (WHO) ​ធនាគារ​ពិភព​លោក (World Bank) ​អង្គការ​​យូនីសេហ្វ​(UNICEF) ​អង្គការ​​​មូល​និធិ​ប្រជា​ជន​សហប្រជាជាតិ​(UNFPA) និង​កម្ម​វិធី​រួម​សហប្រជាជាតិ​ស្តីពី​​មេរោគអេដស៍ និងជំងឺអេដស៍ (UNAIDS) ។ អ្នក​ចូល​រួម​​ផ្សេង​ទៀត​​​រួមមាន​ឆ្មប និស្សិត​ពេទ្យ មន្ត្រី ​អ្នកស្ម័គ្រ​ចិត្ត​ យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជាពី​សាខា​​ទាំង​២​៤​ខេត្ត-ក្រុង ព្រម​ទាំង​​ឯក​អគ្គ​រដ្ឋ​ទូត​បរ​ទេស អង្គ​ការ​អន្តរ​ជាតិ និងសង្គម​ស៊ីវិល ។
តួ​នាទី​​ជា​ប្រធាន​កាក​បា​ទ​ក្រហម​កម្ពុជា លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​នឹងមាន​​ឥទ្ធិពល​​បន្ថែ​មលើ​​សំឡេង​អំពាវ​នាវ​​​របស់​ពិភព​លោក​ ដើម្បី​​សុខ​​ភាព​ស្ត្រី​ និងកុមារ ដែល​នឹង​​ទទួល​បាន​នូវ​កិច្ច​សន្យា​​ផ្តល់​ថវិកា​ថវិកា​ចំនួន៤០​ពាន់​លាន​ ដុល្លារ​​សំរាប់​រយៈ​ពេល​ប្រាំ​ឆ្នាំខាង​មុខ។ ​​នៅក្នុងពេល​ចុះ​ជួបសំណេះ​សំណាល​ សួរ​សុខ​ទុក្ខ ​​​ស្ត្រីមាន​ផ្ទៃ​ពោះ​ និងកុមារ​នៅមណ្ឌល​​​សុខ​ភាព ព្រែក​ដាច់ ស្រុក​លើក​ដែក ​ខេត្ត​កណ្តាល កាលពី ខែ​មុន​លោក​ជំទាវ​បណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន ​​បាន​អំពាវនាវ​ឱ្យ​ស្ត្រីមានផ្ទៃ​ពោះ​ទាំង​អស់ ត្រូវទៅ​ពិនិត្យ​​​​សុខ​ភាព​​ជា​មួយមន្ត្រី​​សុខាភិបាល​​ដែល​​បាន​ទទួ​លការ​ បណ្តុះ​បណ្តាល ។ ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​​ក៏​បាន​គូស​បញ្ជាក់​​អំពី​សារសំខាន់​ក្នុង​ការ​ទៅ​សំរាល​កូន​នៅមណ្ឌល​​ សុខ​ភាព ឬ​មន្ទីរពេទ្យ​​បង្អែក និងការ​នាំ​កូនៗ​​ទៅ​ទទួល​ការ​ចាក់​​ថ្នាំបង្ការ និង​វីតាមីន​​បន្ថែម​​នៅ​មណ្ឌល​សុខ​ភាព​​ឱ្យ​បាន​គ្រប់ៗគ្នា ។
បន្ថែម​ទៅ​លើ​វិជ្ជា​​ជា​គ្រូពេទ្យ​មធ្យម​​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ធ្លាប់​បាន​ធ្វើ​ជា​ឆ្មប​​​ដ៏​មាន​បទ​ពិសោធន៍ម្នាក់​ដែលបាន​ជួយ​សង្គ្រោះ​​ ជីវិត​ម្តាយ​​ជាច្រើន​​ និង​បាន​ជួយ​ដល់​​ការបង្កើត​កូនជាច្រើន​នាក់​ផង​ដែរ ។ លោក​ជំទាវ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន បានបាត់​បង់​កូន​ដំបូង​របស់​​លោកជំទាវ​​ឈ្មោះ​ក​ម្សត់ កាលពី​​ថ្ងៃទី១ វិច្ឆិកា ​ឆ្នាំ​១៩៧៦ បន្ទាប់​ពី​លោក​ជំទាវ​​បាន​ផ្តល់​​​កំណើត​នៅ​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម។
នៅប្រទេស​កម្ពុជា​ ដើម្បី​​កាត់បន្ថយ​​អត្រា​​មរណ​​មាតា គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​​​​ទទួល​បាន​ការ​ថែ​ទាំ​ពីបុគ្គ ​លិក​សុខាភិបាល​ ដែល​ទទួល​​​បានការបណ្តុះ​បណ្តាល​​នៅមុន​ពេល​ ក្នុង​អំឡុង​ពេល​ និងក្រោយ​ពេល​ផ្តល់​កំណើត​។ បញ្ហា​​ប្រឈម​ធំបំផុត​នៃមរ​ណ​ភាព​មាតា គឺភាព​យឺត​យ៉ាវ​​នៅក្នុង​ការ​សំរេច​ចិត្ត​​ ដើម្បី​​ទទួលការ​ថែ​ទាំ​រួម​ជាមួយ​នឹង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទៅ​ដល់​មណ្ឌល​ សុខភាព និងភាព​យឺត​យ៉ាវ​នៅ​ក្នុង​ការ​ទទួល​​បាន​ការ​ថែ​ទាំ ។
ក្រសួង​សុខាភិបាល​​បានបង្កើត​ និងកំពុង​អនុវត្ត​​​ផែន​ទី​​ចង្អុល​ផ្លូវ​សំរាប់​ពន្លឿន​​ការ​កាត់​​បន្ថយ​​ អត្រា​ស្លាប់​របស់​ម្តាយ និងទារក ។ ដើម្បី​គាំទ្រ​​រដ្ឋា​ភិបាល​ក្រោម​ផែន​ការ​រួម​របស់លោក​​បាន​ គីមូន មាន​យុទ្ធសាស្ត្រ​ជា​ច្រើន​ដែល​ផ្តួច​ផ្តើម​​ឡើ​ងដោយ​អង្គ​ការ​សុខភាព​​ពិភព ​លោក (WHO) ធនាគារ​ពិភព​លោក (World Bank) អង្គ​ការ​យូនី​សេហ្វ (UNICEF) អង្គ​ការ​មូល​និធិ ​​ប្រជាជន​​សហ​ប្រជាជាតិ​ (UNFPA) ​និងកម្ម​វិធី​​​រួម​សហ​ប្រជា​ជាតិស្តី​ពី​មេរោគ​អេដស៍ ​និងជំងឺ​​អេដស៍​​ (UNAIDS) ​។ កាល​ពី​ឆ្នាំ ២០០៦ ​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ UNAIDS លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន ​ត្រូវ​បាន​តែ​ង​តាំង​ជា​ឥស្ស​រជន​ឆ្នើម​​ថ្នាក់​ជាតិនៃ​វេទិកា​​​ភាពជា​ អ្នក​​ដឹក​នាំ​​តំបន់​អាស៊ីប៉ាស៊ី​ហ្វិកឆ្លើយ​តប​មេរោគ​អេដស៍ ​ជំងឺ​អេដស៍នៅកម្ពុជា ។ ​អង្គ​ការ​សហ​ប្រជា​ជាតិ​រំពឹង​ថា ភាព​ជា​អ្នក​ដឹកនាំ​រឹង​មាំ​របស់លោក​​ជំទាវ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុង​​វិស័យ​នេះ​រយៈ​ពេល​៤​ឆ្នាំ​​កន្លងមកនឹង​ត្រូវ​ឆ្លុះ​បញ្ចាំង នៅ​ក្នុង​តួនាទី​ថ្មីរបស់​លោក​ជំទាវ​ ដើម្បី​ការលើក​កំពស់​ការ​យល់​ដឹង​អំពី​សុខភាព​មាតា និងទារក​៕

No comments:

Post a Comment