Tuesday, February 8, 2011

ផ្កាម្លិះ​កំពុង​សាយ​ក្លិន


បដិវត្តន៏​ផ្កាម្លិះ បាន​រាល​ដាល​ពីប្រទេស ទុនណេស៊ី ឆ្ពោះ​ទៅ​កាន់​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុង​ទ្វីប​អាហ្វ្រិក នៃប្លុក​សហគមន៏​អ៊ីស្លាម ដែល​ញ៉ាំង​អោយ​ក្រុម​មេដឹក​នាំ​ផ្តាច់​ការ​ទាំង​ឡាយ​នៅ​លើ​ពិភព​លោក កំពុង​ព្រួយ​បារម្ភ​អំពី​ជោគ​វាសនា​របស់​ខ្លួន។ ផ្ទុះ​ចេញ​ពីពិភព​អារ៉ាប់ រីករាលដាល​នៅ​អាហ្វ្រិក​ខាង​ជើង ហើយ​កំពុង​បន្ត ដែល​អាច​រាល​ទៅ​ដល់​ទ្វីប​អាស៊ី ដែល​សំបូរ​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ក្រាញ​អំណាច និង​កាន់​អំណាច​យូរៗ។
ចាប់​ពី​ពាក់​កណ្តាល​ខែធ្នូ ឆ្នាំ២០១០ ប្រជាព​លរដ្ឋ ទុនណេស៊ី រាប់​ម៉ឺន​នាក់ បាន​ធ្វើ​បាតុ​កម្ម​បណ្តេញ ប្រធានា​ធិបតី Zine El Abidine Ben Ali  ចេញ​ពី​តំណែង ដោយ​សារ​តែ​អំពើ​ពុក​រលួយ ភាព​គ្មាន​ការងារ​ធ្វើ​កាន់​តែ​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស។ ដោយ​មិន​អាច​ទ្រាំទ្រ​បាន មេដឹកនាំ​ផ្តាច់​ការ​រូប​នេះ បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រុង Dubai  ប្រទេស Arab Emirates ។ កំសួល​ភ្លើង បាន​កំពុង​សាយ​ភាយ​ចូល​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​យេ​មែន។ ដោយ​មាន​គោល​ដៅ​ដូច​ជន​ជាតិ ទុនណេស៊ី ដែរ ជន​ជាតិ​អេហ្ស៊ីប កំពុង​ទាម​ទារ​អោយ​លោក​ប្រធានា​ធិបតី Hosni Bubarak  ហើយ​ជន​ជាតិ​យេ​មែន ទាម​ទារ​អោយ​លោក ប្រធានា​ធិបតី Ali Abdullah Saleh  ចុះ​ពី​តំណែង ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ត្រូវ​រង​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ និង​ផ្តាច់​ការ។ នៅ​ក្នុង​ក្រុង​ហ្សាណា​ប្រទេស​យេមែន បាតុករ​ប្រមាណ១៥០០០នាក់ កំពុង​តែ​ប្រមូល​ផ្តុំគ្នា​បណ្តេញ​លោក Saleh  ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ អោយ​ចេញ​ពី​តំណែង។ មេដឹកនាំ​រូប​នេះ រង​នូវ​ការ​រិះ​គន់​ពី​ការ​រៀបចំ​កាន់​អំណាច​អស់​មួយ​ជីវិត​តាម​ច្បាប់ ហើយ​មាន​គំរោង​ប្រគល់​អំណាច​ទៅ​អោយ​កូន​ប្រុស​ច្បង ដែល​ជា​មេ​អង្គរក្ស។ អ្នក​តាម​ដាន​ស្ថានការណ៏​នយោ​បាយ​អះអាង​ថា មិន​យូរ​ប៉ុន្មាន​ឡើយ មេ​ដឹកនាំ​ទាំង​នេះ​នឹង​មាន​វាសនា ដូច Ben Ali ។ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​អោយ​ដឹង​ថា ភរិយា និង​កូន​ប្រុស​លោក Bubarak បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​អង់​គ្លេស​ហើយ។
នៅ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​២៦ឆ្នាំ ក៏​មាន​រឿង​អាស្រូវ​មិន​តិច​ជាង បណ្តា​មេដឹក​នាំ​ផ្តាច់​ការ​នៅ​អាហ្វ្រិក​ខាង​ជើង​ប៉ុន្មាន​ដែរ ពោល​គឺ​សឹង​តែ​ច្រើន​ជាង ច្រើន​ដង​ផង ប៉ុន្តែ​លោក​តែង​ប្រកាស​ថា នឹង​កាន់​អំណាច​រហូត​ដល់​អាយុ​៩០ឆ្នាំ។ មិន​ខុស​ពីលោក Saleh  ឡើយ លោក ហ៊ុន សែន មាន​កូន​ប្រុស​ច្បង​ដែល​កាន់​តួនាទី​ជា​មេ​បញ្ជា​ការ​រង​កង​អង្គរក្ស និង​ជា​មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក ដែល​គេ​សង្ស័យ​ថា កំពុង​រៀបចំ​ផ្លូវ​អោយ​កូន​ប្រុស​ឡើង​កាន់​អំណាច​ដូច​មេ​ដឹកនាំ​កូរ៉េ​ខាង​ ជើង។ ជាមួយ​ពាក្យ​គំរាម  «បិទ​ទ្វារ​វ៉ៃឆ្កែ» លោក ហ៊ុន សែន ព្រមាន​ពី​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទុក​ជា ​មុន បើ​សិន​ជា​មាន​បាតុ​កម្ម​ប្រឆាំង​រូប​លោក។ ពិភព​លោក​កំពុង​តែវិល​ដោយ​គ្រវាត់​គ្រវែង​ពពួក​មេ​ដឹក​នាំ​ផ្តាច់​ការ​ម្តង​ មួយៗ ប្តូរ​វេន​គ្នា ដោយ​គ្រាន់​តែ​មិន​ដឹង​ពេល​ណា​តែ​ប៉ុណ្ណោះ។ អំណាច​ប្រជា​ពល​រដ្ឋ​ខ្លាំង​ជាង​ចុង​កាណុង ហើយ​ទឹក​ចិត្ត​អ្នក​ស្រេក​ឃ្លាន​ប្រជា​ធិប​តេយ្យ ក៏​ខ្លាំង​ជាង​រថក្រោះ នៃ​ជន​ផ្តាច់​ការ​ផង​ដែរ៕

No comments:

Post a Comment