Sunday, February 27, 2011

សហជីព ១៣ ប្រទេស​ជួបប្រជុំគ្នា​និយាយ​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​បរិស្ថាន​និង​ការងារ​សមរម្យ​

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 26 កុម្ភៈ 2011
CEN

ភ្នំពេញ: កិច្ចប្រជុំ​រយៈពេល​មួយ​សប្តាហ៍​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និយាយ​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​ថែរក្សា​បរិស្ថាន​នៅ​កន្លែងធ្វើការ​របស់​កម្ម​ករ និង​ការងារ​សមរម្យ​របស់​កម្មករ បានទទួល​ជោគជ័យ ហើយ​មេដឹកនាំ​សហជីព​ទាំង ១៣ ប្រទេស​នឹងធ្វើ​ផែនការ​សាកល្បង​រយៈពេល​មួយឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ត្រីភាគី ។​

លោក វង្ស សុវណ្ណ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មានប្រសាសន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី២៦ កុម្ភៈ​នេះ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​បណ្តុះបណ្តាល​សហជីព​ពាណិជ្ជកម្ម ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ បញ្ហា​ថែរក្សា​បរិស្ថាន និង​ការងារ​សមរម្យ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ រយៈពេល​មួយ​សប្តាហ៍ (២១ ដល់ ២៥ កុម្ភៈ ឆ្នាំ​២០១១ ) ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អន្តរជាតិ នៃ​អង្គការ ICO (ITC/ILO) ។​
​លោក វង្ស សុវណ្ណ មានប្រសាសន៍​បន្តថា កម្មវិធី​ខាងលើនេះ រៀបចំ​ដោយ​លោក អា​រណ​កុមារ (Arunkumar) និង​លោក វីន សិន ជូ​ង្គ​ល់ (Vincent Jugault) សហជីព ១៣ ប្រទេស​ចូលរួម​មាន​៖ ថៃ កម្ពុជា បង់​ក្លា​ដែ​ស ចិន ជី​ហ្វី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន ស្រី​អង្ការ និង​វៀតណាម ដោយមាន​សិក្ខាកាម​ចំនួន ២២ រូប ។​

អង្គសិក្ខាសាលា​បាន​ពិភាក្សា​ទៅលើ​ប្រធានបទ​ចំនួន ៣ គឺ​ទីមួយ​ការផ្លាស់ប្តូរ​អាកាសធាតុ​នៅលើ​សាកលលោក​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ អវិជ្ជមាន​ដល់​ជីវិត​មនុស្ស ដែល​បណ្តាលមកពី​ការបំពុល​បរិស្ថាន និង​ខូច​បរិស្ថាន​ដោយសារ​មនុស្ស ជាពិសេស​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ កម្មការិនី​ដែល​កំពុងធ្វើការ ។ ទី​ពីររាជរដ្ឋា​ភិ​បាល និយោជក និង​និយោជិក​ កម្មករ ត្រូវ​រួមគ្នា​ការពារ​បរិស្ថាន និង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ បរិស្ថាន​នៅ​កន្លែងធ្វើការ ដើម្បី​ថែទាំ​សុខភាព សុវត្ថិភាព​ការងារ​របស់​កម្មករ និង​ទី​បី ការគិតគូ​ដល់​ប្រាក់​ឈ្នួល​សមរម្យ​របស់​កម្មក​រ ។​
​លោក វង្ស សុវណ្ណ មានប្រសាសន៍ថា កម្ពុជា​បានលើកឡើង​ពី​បញ្ហា​ប្រាក់​ឈ្នួល​សមរម្យ​របស់​កម្មក​រ ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមប្រឹក្សា​ការងារ កាលពី​ឆ្នាំ​២០១០ កន្លងទៅ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​បន្ថែម ១១ ដុល្លារ​ចូលក្នុង​ប្រាក់ខែ​គោល​ស្មើនឹង ៦១ ដុល្លារ ។ ដើមឆ្នាំ​២០១១ នេះ គណកម្មការ​ក្រុមប្រឹក្សា​ការងារ​បាន​បន្ត​ពិភាក្សា​សុំ​ដំឡើង​ប្រាក់​ អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ ហើយ​ការងារ​នេះ​នឹង​សម្រេច​ជា​ផ្លូវការ ក្នុងអំឡុង​ខែមីនា​ខាងមុខនេះ ។ ដូច្នេះ​កម្ពុជា​ពុំបាន​ព្រងើយកន្តើយ​អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ កម្មការិនី​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដែរ និង​ស្បែកជើង​នោះទេ ។​
​លោក​ប្រធាន CCTU មានប្រសាសន៍​ទៀតថា អង្គសិក្ខាសាលា​រយៈពេល​មួយ​សប្តាហ៍​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​គណៈប្រតិភូ​ទាំង ១៣ ប្រទេស នឹង​កសាង​ផែនការ​សាកល្បង​រយៈពេល​មួយឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ត្រីភាគី និង​សហជីព​តំណាង​កម្មករ និយោជក និង​រាជរដ្ឋាភិបាល ដើម្បី​កម្មករ កម្មការិនី​យល់​កាន់តែ​ប្រសើរឡើង​អំពី​សុខភាព សុវត្ថិភាព​នៅ​កន្លែងធ្វើការ ៕

No comments:

Post a Comment